(ភ្នំពេញ)៖ សារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនោះ ត្រូវបានបែកធ្លាយតាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះសីហា ដែលមានរយៈពេលជាង២០នាទី។ នៅក្នុងសន្ទនានោះ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ឲ្យលោក កឹម សុខា ធ្វើកិច្ចការមួយចំនួនដើម្បីឈានទៅគ្រប់គ្រងបក្ស។

តាមរយៈសម្លេងបែកធ្លាយរបស់មេដឹកនាំទាំងពីរ បាននិយាយគ្នាអំពីកិច្ចការមួយចំនួនដែលត្រូវធ្វើមានដូចជា៖
១៖ សរសេរសារបង្ហោះលើហ្វេសប៊ុក ដើម្បីទះកំភ្លៀងលោក សម រង្ស៊ី, ២៖ ណែនាំឲ្យលោក កឹម សុខា អាចទៅចុះឈ្មោះបោះឆ្នោត,
៣៖ ពិចារណាសុំលើកលែងទោសឲ្យលោក កឹម សុខា, ៤៖ មិនអាចទទួលយកបានចំពោះសកម្មជនបក្សសង្គ្រោះជាតិ ចោទប្រកាន់លោក ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនមេដឹកនាំវៀតណាម, ៥៖ ទទួលបានតំណែងគ្រប់គ្រងបក្សទាំងមូល។

តើសារសម្លេងសន្ទនាដែលបែកធ្លាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដូចទៅហេតុការណ៍ជាក់ស្តែងដែលបានកើតឡើងកន្លងមក ឬយ៉ាងណា ! សូមអានដូចខាងក្រោម៖

* នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ (ពោលគឺក្រោយនិយាយទូរស័ព្ទជាមួយសម្តេចតេជោ) លោក កឹម សុខា បានសរសេរខ្លឹមសារមួយចំនួន បង្ហោះនៅលើ Facebook ហាក់បានទះកំផ្លៀង លោក សម រង្ស៉ី ដែលបាននិយាយវាយប្រហារមកលើគណបក្ស កាន់អំណាច ដើម្បីតម្លើងកម្តៅនយោបាយឡើងវិញ នាគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា មានសភាពស្ងប់ស្ងាត់ហើយនោះនៅអំឡុងបុណ្យភ្ជុំបិណ្ឌនេះ។ លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់លោកថា៖

 

* កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅ លោក កឹម សុខា ដែលពេលនោះជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញពីទីស្នាក់ការ គណបក្សជាលើកដំបូង (ក្រោយពីឃុំខ្លួនឯងអស់ជាង៦ខែនៅស្នាក់ការបក្ស) ទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរទីស្នាក់ការកណ្តាលរបស់ គណបក្សសង្រ្គោះជាតិ ដោយមានសកម្មជន និងតំណាងរាស្រ្តមួយចំនួនទៅជាមួយដែរ។

 

* កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិត កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

 

* កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ គណបក្សសង្គ្រោះជាតិ (CNRP) ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានចេញសេចក្តី ថ្លែងការណ៍បន្ទាន់មួយ ដោយប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានលាបពណ៌ ប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន​ សែន ដោយកន្លងមកសកម្មជនបក្សសង្គ្រោះជាតិ បានចោទប្រកាន់លោក ហ៊ុន ម៉ាណែត និងសម្តេចកិត្តីព្រឹទ្ធបណ្ឌិត ជាកូនមេដឹកនាំវៀតណាម។ សូមអានខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍៖

 

* កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានបក្ស, បន្ទាប់ពីលាលែងទីបំផុតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ថ្មីៗនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជសមាជវិសាមញ្ញ។

សូមជំរាបថា ទោះបីយ៉ាងណាអ្វីដែលបង្ហាញខាងលើនេះ ជាហេតុការណ៍កើតឡើងក្រោយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីមានការសន្ទនារវាង នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា។ អង្គភាពព័ត៌មាន Freh News សុំមិនធ្វើអត្ថាធិប្បាយអះអាងខុសត្រូវយ៉ាងណានោះ គ្រាន់តែផ្សព្វផ្សាយរំលឹកឡើងវិញតែប៉ុណ្ណោះ៕