(ពោធិ៍សាត់)៖ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងជាប្រធានគ្រប់គ្រង់តំបន់អភិរក្សជលផល(ឡូត៍នេសាទកំពង់ប្រាក់) លោក ពិន វុទ្ធី ដឹកនាំកម្លាំងក្រោមឱវ៉ាតចុះល្បាត និងបង្រ្កាបការបទនេសាទខុសច្បាប់ស្តីពី ជលផលក្នុងតំបន់ដែនសមត្តកិច្ច របស់ខ្លួន ក្នុងនោះកម្លាំងធ្វើការឃាត់ខ្លួន ជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ រួមទាំងវត្ថុតាង នៅពេលដែលពួកគេ កំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩៖៥៦នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចបង្គោលជ្រុំថ្មី ក្នុងកន្លែងអភិរក្សជលផល(ឡូត៍នេសាទកំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ។
លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងជាប្រធានគ្រប់គ្រងការងារអភិរក្សជលផល បានប្រាប់ភ្នាក់ងារFresh News ឲ្យដឹងថា ជនសង្ស័យជាអ្នកនេសាទជនជាតិវៀតណាមត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ង្វៀង យ៉ាំងយឺក ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ង្វៀង យ៉ាំងទែវ ភេទប្រុស អាយុ១៤ឆ្នាំ អ្នកទាំង ២នាក់ ស្នាក់នៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកនាយសង្កាត់បន្តថាវត្ថុតាងរួមមាន បាឡាសំបកកាវស្មាច់ទំហំទទឹង ០,៧០ម៉ែត្រ ជម្រៅ ០,៤៥ម៉ែត្រ និងប្រវែង ៦,៣០ម៉ែត្រ ភ្ជាប់ម៉ាសុីម៉ាក ហុីណូតា ១៨សោះចំនួន ១គ្រឿង មងក្រឡុកប្រវែង ៥៥២ម៉ែត្រ ជម្រៅ ២,៥០ម៉ែត្រចំនួន ១វង់ ប្រដាប់ក្រឡុកបង្កឲ្យត្រីផ្អើលចំនួន ១ កាំបិតចំនួន ១ និងត្រីចំរុះខូចគុណភាពចំនួន ៣៥គីឡីក្រាម៕