(បាត់ដំបង)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះបានគណៈ ពង្រឹងមូលដ្ឋាន តែងតែកសាងសមិទ្ធផលជាច្រើន តាមសំណូមពរគ្រប់ពេល ហើយប្តេជ្ញាចិត្តថា នឹងបោះឆ្នោត ជូនបេក្ខជនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលក្រុមប្រឹក្សាឃុំ-សង្កាត់​ នាពេលខាងមុខនេះ។

នៅក្នុងពិធីចែកមូលនិធិ សម្តេចក្រឡាហោម និងបើកការដ្ឋានកសាងផ្លូវ និងជីកប្រឡាយថ្មី ចំនួន២ខ្សែ នៅភូមិក្តោង និងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ នារសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧នេះ លោក ហែម ថេង ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំភ្នំសំពៅ បានថ្លែងថា ដោយមានការណែនាំជាប្រចាំរបស់ លោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ រួចមក លោកនិងសហការី តែងតែបានដឹកនាំក្រុមការងារ ចុះកសាងសមិទ្ធផលជាច្រើន មានដូចជា ជីកប្រឡាយ ធ្វើផ្លូវថ្នល់ កសាង និងជួសជុលសាលារៀនក្នុងភូមិ ធ្វើបុណ្យចូលបច្ច័យកសាងវត្តនានា អំណោយមនុស្សធម៌ ផ្សេងៗទៀត ចែកជូនដល់ក្មេងកំព្រា ស្រ្តីម៉េម៉ាយ ចាស់ជរាឥតទីពឹង អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ជាដើម។

ការដ្ឋានធ្វើផ្លូវ និងជីកប្រឡាយថ្មី ចំនួន២ខ្សែនេះ រួមមាន ខ្សែទី១មានប្រវែង ១,៨៨២ម៉ែត្រ ស្ថិតក្នុងភូមិក្តោង និង១ខ្សែទៀត មានប្រវែង ១,៤៣៨ម៉ែត្រ ទទឹង៥ម៉ែត្រ ដូចគ្នា ស្ថិតនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។

លោក ហែម ថេង បានបញ្ជាក់ថា យោងតាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា កន្លងមក តែងតែយកចិត្ត ទុកដាក់មកលើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាប្រចាំ ដោយបានប្រើប្រាស់សិល្បៈចែករំលែក ជួយពួកគាត់រហូតកន្លងមក មិនដែលខាន និងមិនដែលប្រកាន់និន្នាការអ្វីឡើយ រយៈពេលកន្លងមក បើទោះបីប្រជាពលរដ្ឋមានជួបបញ្ហា ការលំបាកអ្វីមួយ គឺមានមុខក្រុមការងារចុះជួយមូលដ្ឋាន ដោះស្រាយបានទាន់ពេលវេលាជានិច្ច។

លោក ហែម ថេង បានផ្តាំផ្ញើទៅប្រជាពលរដ្ឋថា សូមកុំចាញ់បោកបក្សប្រឆាំងទៀត កាលពីអាណត្តិមុន គេបោកថា បើបោះឆ្នោតឲ្យបក្សខ្លួន គេនឹងឲ្យលុយលោកយាយ លោកតា ម្នាក់៤ម៉ឺនរៀល ក្នុង១ខែ ទូទាំងប្រទេស តែអាណត្តិថ្មី ឮសូរថាពួកបោកទាំងនេះ ចេញស្ទីលថ្មីថា ពេលបក្សគេឈ្នះឆ្នោត គេនឹងឲ្យមួយឃុំ ៥០ម៉ឺនដុល្លារ សម្រាប់កសាងឃុំ «តើពាក្យនេះ ជាពាក្យបោកប្រាស់រកសម្លេងឆ្នោតទៀតហើយ តើពួកគេបានលុយពីណាមក នេះគ្រាន់តែជាការឃោសនា បោកប្រាស់ប៉ុណ្ណោះ ដោយសន្យាមិនដែលបានធ្វើអ្វីបានបន្តិចឡើយ ត្រឹម៤ម៉ឺនរៀល មិនបានផងចុះទំរាំ ៥០ម៉ឺនដុល្លារ ក្នុងឃុំបានមកពីណា?»។ តែចំពោះ CPP មិនដែលសន្យាម្តងណាទេ តែបានកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំរហូតមក។

នៅឱកាសនោះដែរ ក្រុមការងារ ក៏បានចុះចែកមូលនិធិ សម្តេចក្រឡាហោម​ ជូនស្រ្តីទើបសម្រាលកូនរួច និងគ្រួសារមរណៈ ក្នុងខែមករា និងខែកុម្ភៈ ចំនួន៣៨នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល។

បន្ទាប់ពីបានបើកការដ្ឋានធ្វើផ្លូវ និងប្រឡាយ ចំនួន២ខ្សែនេះរួចហើយ ប្រជាពលរដ្ឋទាំងអស់ បានអបអរសាទរ និងថ្លែងអំណរ គុណដល់ក្រុមការងារ គណៈពង្រឹងមូលដ្ឋានបក្សមូលដ្ឋាន ដែលបានយកចិត្តទុកចុះជួយដល់ពួកគាត់កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន និងទៅថ្ងៃអនាគត់ផង ហើយប្រជាពលរដ្ឋទាំងអស់ បានប្តេជ្ញាចិត្តដូចគ្នាថា យើងទាំងអស់គ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាដើមខែមិថុនា ក្នុងឆ្នាំ២០១៧ ខាងមុខនេះ ក៏ដូចជាបោះឆ្នោតសកល ជ្រើសរើសតំណាងរាស្រ្ត នាឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ពិសេសថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បន្តដឹកនាំប្រទេសជាតិ កសាង និងអភិវឌ្ឍន៍ លើគ្រប់វិស័យកាន់តែរីកចម្រើនជាងមុនបន្ថែមទៀតផងដែរ៕