(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាង របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តនទីជ័យមង្គល ហៅវត្តស្ទឹងជ័យ ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មិនត្រឹមតែអញ្ជើញបើកសម្ពោធសមិទ្ធផលខាងលើ តែប៉ុណ្ណោះទេ លោករដ្ឋមន្រ្តីថែមទាំងបាននាំយកអំណោយ និងថវិកាមួយចំនួនរបស់ សម្ដេចពញាចក្រី ហេង សំរិន ទៅចែកជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សនៅទីនោះ ជាច្រើននាក់ទៀត ព្រមទាំងបានសន្យាជួយកសាងសមិទ្ធផលដែលនៅខ្វះខាត ក្នុងវត្តនទីជ័យមង្គល បន្ថែមទៀតផងដែរ។
អភិបាលស្រុកពញាក្រែក លោក ឡុង ធាម បានឲ្យដឹងថា សមិទ្ធផលដែលបានធ្វើពិធីសម្ពោធឆ្លង នាពេលនេះ រួមមាន របងថ្ម និងកុដិ ចំណាយថវិកាអស់ ជាង១២ម៉ឺនដុល្លារ។ លោកថា «វត្តនទីជ័យមង្គល ហៅវត្តស្ទឹងជ័យនេះ ជាវត្តចំណាស់មួយនៅខេត្តត្បូងឃ្មុំ ដោយបានចាប់ផ្តើមសាងសង់ នាឆ្នាំ១៩៤៨ ដោយលោកតា ជា ជ័យ ជាអតីតមេឃុំពពេល គិតមកដល់បច្ចុប្បន្ន មានអាយុកាល ៦៩ឆ្នាំ មកហើយ»។
លោកអភិបាលស្រុកបានបន្តថា ចាប់ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៧៥ វត្តនេះត្រូវបានគ្រប់គ្រងដឹកនាំកសាង ដោយព្រះគ្រូចៅអធិការ ព្រះនាម ហែម ទូច, ព្រះនាម ឃឹម និងព្រះនាម តែម។ គ្រប់ដំណាក់កាល នៃការកសាង ទីអារាមវត្តនេះ គឺព្រះសង្ឃ រួមនិងប្រជាពលរដ្ឋ ក៏ដូចជាប្រជាពុទ្ធបរិស័ទ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាងទីសេនាសនដ្ឋាន ក៏ដូចជាសមិទ្ធផលនានា ទៅតាមលទ្ធភាព និងធនធានដែលមាន។
លោកបានបញ្ជាក់ថា «ប៉ុន្តែអ្វីៗត្រូវបានទទួលរងការបំផ្លិចបំផ្លាញទៅវិញដោយសារសង្គ្រាម ហើយកាន់តែធ្ងន់ធ្ងរ ទៀតនោះ គឺក្នុងសម័យគ្រប់គ្រង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះតែម្តង»។
លោក ឡុង ធាម បានបន្តថា នៅក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ប្រជាពុទ្ធបរិស័ទ បានរួមសាមគ្គីគ្នាកសាងទីវត្ តអារាមមួយនេះឡើងវិញ ដោយសម្រេចបានសាឡុំមួយ និងឧបដ្ឋានសាលាមួយខ្នង ហើយបន្ទាប់មកដោយមាន ការចូលរួមពី សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងការជួយឧបត្ថម្ភពីសប្បុរសជន និងពុទ្ធបរិស័ទក្នុងនិង ក្រៅប្រទេស ព្រះវិហារដែលមាន បណ្តោយ៣០ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់២១ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០០៥ និងបានធ្វើពិធីបុណ្យបញ្ចុះសីមា ដាក់ឲ្យប្រើប្រាស់ដោយ សម្តេចពញាចក្រី ហេង សំរិន។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី វង សូត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តនទីជ័យមង្គល ហៅវត្តស្ទឹងជ័យនេះឡើងវិញ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតសម្រេចបានសមិទ្ធផលជាច្រើនតម្កល់ទុក បម្រើដល់សេចក្តីត្រូវការ ក្នុងផ្នែកពុទ្ធចក្រ។
លោករដ្ឋមន្រ្តីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាល បានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពី ជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោក វង សូត បានបញ្ជាក់ថា «ទីវត្តអារាមមិនគ្រាន់តែជាទីគោរពខាងសាសនាប៉ុណ្ណោះទេ តែក៏ជាកន្លែងសម្រាប់ ការបណ្តុះបណ្តាលធនធានមនុស្ស អប់រំមនុស្សឲ្យស្គាល់អំពើល្អ និងអំពើអាក្រក់ មានសីលធម៌រស់នៅក្នុងសង្គម ដែលនាំឲ្យសង្គមជាតិទាំងមូលមានសន្តិភាព និងសណ្តាប់ធ្នាប់។
ក្នុងនាមសម្តេច ហេង សំរិន, លោក វង សូត បានបំពាក់គ្រឿងឥស្សរិយយស ប្រគេនដល់ព្រះសង្ឃ លោក លោកស្រី ដែលបានរួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តនទីជ័យមង្គល ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចប្រធានរដ្ឋសភា និងលោកស្រី មានថវិកាចំនួន ៣៣លានរៀល ប្រគេនដល់វត្តនទីជ័យមង្គល សម្រាប់បន្តកសាង សមិទ្ធក្នុងវត្ត និងបានចែកជូនដល់លោកយាយ លោកតា ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន៣៥នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល សិស្សានុសិស្សចំនួន៤០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ប៊ិច និងថវិកា៥ពាន់រៀល ជូនយុវជនកាកបាទក្រហម ៥០នាក់ និងក្រុមកាយរិទ្ធ ៥០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ជូនសាលាស្រុកពញាក្រែក ១លានរៀល ឧបត្ថម្ភជូនកម្លាំងការពារសន្តិសុខ ថវិកា១លាន៥សែនរៀល។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី វង សូត និងលោកស្រី បានអញ្ជើញកាត់ខ្សែបូជានិមិត្តរូបសម្ពោធដាក់ ឲ្យប្រើប្រាស់នូវ សមិទ្ធផលនានា ក្នុងវត្តនទីជ័យមង្គល ហៅវត្តស្ទឹងជ័យ ជាផ្លូវការ ចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រកាសជួយ ចាក់បេតុងផ្លូវចូលវត្តនទីជ័យមង្គល ប្រវែង២០០ម៉ែត្រ ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល ត្រូវជួយអប់រំណែនាំកូនចៅ ឲ្យជៀសឆ្ងាយពី គ្រឿងញៀន ព្រោះគ្រឿងញៀនបានធ្វើឲ្យអន្តរាយធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ ទាំងមូល៕