(ភ្នំពេញ)៖ ក្រោយការពិនិត្យឯកសារដើមបណ្តឹង ដែលបានប្តឹងទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ និងការសួរដោយផ្ទាល់ លោក សុង ឆវ័ន្ន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ លន់ ស៊ីម៉េង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាបុគ្គលិកក្រុមហ៊ុន SKPW ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ តំណាងអយ្យការ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេច បង្គាប់ឲ្យឃុំខ្លួនឈ្មោះ លន់ ស៊ីម៉េង ជាបណ្តោះអាសន្ន ដើម្បីរងចាំជំនុំជម្រះទោស។
គួររំលឹកថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ លន់ ស៊ីម៉េង ដែលជាបុគ្គលិកក្រុមហ៊ុនខ្មែរភូលវើលហ្វែឡូតធីរី ផ្នែកលក់ឆ្នោតកោសប្រចាំខេត្តកំពង់ចាម បានប្រមូលប្រាក់ពីភ្នាក់ងារលក់តាមដេប៉ូក្នុងខេត្តកំពង់ចាម បានសរុប១០,៨៦៣ដុល្លារ ហើយជនសង្ស័យបានយកទៅចាយវាយអស់មិនសងមកក្រុមហ៊ុនវិញ៕