(កំពង់ធំ)៖ លោក សុខ លូ អភិបាលកំពង់ធំ អំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវតែមានការយល់ដឹង ពីការបង្ការ និងពន្លត់អគ្គីភ័យ ដែលវាជាករណីកិច្ចរបស់គ្រប់ ស្ថាប័ន អង្គភាព អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងជនគ្រប់រូបទាំងអស់ ត្រូវចាំបាច់មានស្មារតីប្រុងប្រយ័ត្ន កុំឲ្យកើតមានអគ្គីភ័យ និងត្រូវចូលរួមជួយគ្នាពន្លត់នៅពេលមានអគ្គិភ័យកើតឡើង។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងពិធីទិវាជាតិបង្ការ និងពន្លត់ អគ្គីភ័យលើកទី០១ ដែលប្រារព្ធឡើង នៅបរិវេណស្តាតចាស់ ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
លោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការខេត្តកំពង់ធំ បានឲ្យដឹងថា ការគ្រោះថ្នាក់ដោយសារអគ្គិភ័យ មានការកើនឡើងបើធៀបក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៥ គឺមានចំនួន៥៣លើក/៤១លើក (កើនឡើង១២លើកស្មើ២២,១៦ %) ដែលបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ៥៦ខ្នង ឆេះតូប៣ខ្នង ឆេះរថយន្ត១គ្រឿង ឆេះម៉ូតូ៤គ្រឿង ឆេះគោយន្តកន្ត្រៃយ៍២គ្រឿង និងទឹកប្រាប់ជាច្រើន ព្រមទាំងសម្ភារៈផ្សេងៗជាច្រើនទៀត។
ជាមួយគា្ននោះ លោក សុខ លូ បានបញ្ជាក់ថា ការប្រារព្ធទិវានេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ មានការយល់ដឹង និងចង់ចាំថា អគ្គីភ័យ គឺគ្រោះថ្នាក់កាចសាហាវមួយ ដែលអាចបំផ្លេចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ននោះទេ។
អភិបាលខេត្តបន្ដថា ថ្វីត្បិតតែនៅខេត្ត មិនមានអគារ ឬសំណង់សម្បូរដូចនៅរាជធានី និងតាមបណ្តាខេត្តផ្សេងក៏ដោយ ប៉ុន្តែអគ្គីភ័យនៅតែមាន ដោយឡែកសូម្បីតែវាលស្មៅ ក៏បង្កឲ្យភ្លើងឆេះជារៀងរាល់ឆ្នាំ ដូច្នេះបញ្ហាអគ្គីភ័យនេះ គឺទាមទារឲ្យប្រជាពលរដ្ឋ ត្រូវតែចូលរួមឲ្យបានគ្រប់គ្នា ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាតអគ្គីភ័យឲ្យបាន ជាពិសេស អង្គភាពជំនាញ ត្រូវចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំឲ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ ដោយមានឧបករណ៍សម្ភារៈចំាបាច់មួយចំនួន។
ក្នុងនាមថ្នាក់ដឹកនាំខេត្តលោក សូមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមនូវទុក្ខក្រៀមក្រំ ជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងគ្រោះដោយសារអគ្គីភ័យរយៈពេលកន្លងមក និងសម្តែងនូវអំណរគុណដោយស្មោះស្ម័គ្របំផុត ចំពោះមន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យទូទាំងខេត្ត ដែលកន្លងមកនេះ បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ទោះ ជាត្រូវប្រឈម និងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបានពុះពារពន្លត់អគ្គីភ័យ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គិតគូរជាប្រចាំចំពោះកិច្ចការ បង្ការ និងពន្លត់អគ្គីភ័យ និងបានដាក់ចេញនូវវិធានការជាច្រើន ទាក់ទង និងការអប់រំយល់ដឹងច្បាប់ និងគ្រោះមហន្តរាយបណ្តាលមកពីអគ្គីភ័យ។
លោកថា ការពង្រឹងស្ថាប័នមានសមត្ថកិច្ចគ្រប់ផ្នែក និងការបំពាក់ឧបករណ៍ មធ្យោបាយ សម្ភារៈពន្លត់អគ្គីភ័យ ដូចដែលរបាយការណ៍របស់ស្នងការនគរបាលខេត្ត បានជម្រាបជូនហើយ ក្នុងឆ្នាំ២០១៦កន្លងមក រាជរដ្ឋាភិបាលបានដាក់បញ្ជាទិញរថយន្តពន្លត់អគ្គីភ័យចំនួន ២០០គ្រឿងបន្ថែមទៀត ក្នុងនោះសម្រាប់ស្នងការនគរបាលខេត្តកំពង់ធំ ទទួលបាន៤គ្រឿងបន្ថែម ដើម្បីជួយសង្គ្រោះ ដល់គ្រោះអគ្គីភ័យឲ្យបានទាន់ពេលវេលា។
ជាចុងបញ្ចប់ លោកអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនវិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មចូលរួមក្នុងចលនាបង្ការ និងពន្លត់អគ្គីភ័យ នៅមូលដ្ឋានដូចជា៖ ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើងសំរាម ភ្លើងព្រៃ បារី រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះ ហើយគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវមានបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យ៕