(ពោធិ៍សាត់)៖ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការតំណាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំប្រារព្ធខួបលើកទី១០៦ នៃទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា ក្រោមប្រធានបទ «ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព»។
ក្នុងនោះក៏មានការចូលរួមពី លោកស្រី មាន សំអាន សមាជិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា, លោក ម៉ៅ ធនិន អភិបាលខេត្ត, លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា លោក លោកស្រី អភិបាលរងខេត្ត អង្គការដៃគូ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សមាជិក សមាជិកា នៃអង្គមិទ្ទិញសរុបជាង១ពាន់នាក់។
លោកស្រី សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអានប្រវត្តិ៨មីនា និងបានរាយការណ៍អំពីសកម្មភាពការងារក្នុងឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ ដោយបានបញ្ជាក់ថា នៅក្នុងខេត្តស្ត្រីមានតួនាទីក្នុងវិស័យនយោបាយ និងមុខងារសាធារណៈមានចំនួន៧៩១នាក់ ស្មើនឹង២០,៨៨ភាគរយ ហើយនេះមិនមែនជាលើកទី១នោះទេ ដែលកន្លងមកមន្ទីរកិច្ចការនារីខេត្ត តែងតែបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ សម្រាប់ឆ្នាំនេះលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
លោកស្រីបានលើកទៀតថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តពោធិ៍សាត់ បានផ្តល់ឱកាសដល់បងប្អូនមន្រ្តីរាជការនារីថ្នាក់ខេត្ត និងតំណាងនារីថ្នាក់មូលដ្ឋាន បានជួបជុំគ្នា សួរសុខទុក្ខគ្នា ជាពិសេសទៅទៀតនោះ គឺបានទទួលអនុសាសន៍ ដ៏មានប្រយោជន៍ ពីថ្នាក់ដឹកនាំខេត្ត ជាឧត្តមប្រយោជន៍សម្រាប់នារី យកទៅអនុវត្តន៍ការងារ នៅតាមមន្ទីរ អង្គភាព និងនៅថ្នាក់មូលដ្ឋាន មានប្រសិទ្ធិភាព និងទទួលបានជោគជ័យ។
លោក ម៉ៅ ធនិន និងលោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានស្វាគមន៍ និងសម្តែងក្តីរីករាយ នៅក្នុងពិធីដ៏មានអត្ថន័យ ខួបលើកទី១០៦ ទិវានារីអន្តរជាតិ ៨មីនា គឺជាទិវាមួយត្រូវបានប្រារព្ធទូទាំងប្រទេស និងនៅលើពិភពលោក ដើម្បីរំលឹកឡើងវិញនូវប្រវត្តិ នៃការតស៊ូ និងជំនះរាល់ឧបសគ្គ ទាមទារនូវសិទ្ធិសេរីភាព ពីម្ចាស់រោងចក្ររហូតទទួលបានជោគជ័យជាស្ថាពរ។
ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ក៏បានរៀបចំពិធីនេះយ៉ាងអធិកអធម ដោយមានបងប្អូននារី បានចូលរួមយ៉ាងច្រើនកុះករ។ នេះសរបញ្ជាក់ឲ្យឃើញថា នារីត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងជម្រុញឲ្យថ្នាក់ដឹកនាំបេក្ខភាពនារី ដែលកំពុងបម្រើការងារនៅក្នុងសង្គម ត្រូវតែបង្កបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះថានារីជាឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់ មិនអាចខ្វះបាន។
ជាមួយគ្នានោះ ក៏បានផ្តល់សិទ្ធិឲ្យនារី ចូលរួមជាកម្លាំងចលករ ក្នុងការរួមចំណែកជម្រុញប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយនិរន្តភាព និងលើកទឹកចិត្តដល់នារី នៅគ្រប់មន្ទីរ អង្គភាពនានា ឲ្យមានតម្លៃ មានសិទ្ធិ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួន ពិសេសបានលើកតម្កើងផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់ នៅក្នុងកិច្ចការងារនយោបាយ សេដ្ឋកិច្ច សង្គមទៀតផង។
លោកអភិបាលខេត្ត និងលោកស្រីរដ្ឋលេខាធិការ ក៏បានលើកសរសើរ ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលចេះរួមគ្នាសាមគ្គីជួយគ្នាទៅវិញទៅមក ពិសេសស្ត្រីក្រីក្រ ពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៏ និងអ្នករងគ្រោះថ្នាក់ផ្សេងៗ និងសូមឲ្យសកម្មភាពនេះកាន់តែសាយភាយទៅដល់មូលដ្ឋាន ដើម្បីជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។
ក្នុងឱកាសនោះ ក៏មានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជាង១ពាក់នាក់ ក្នុងម្នាក់ទទួលបានសារុង១ ដែលជាអំណោយផ្ទាល់ខ្លួនរបស់លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី។ ជាមួយគ្នានោះអង្គមិទ្ទិញ ក៏បានបន្តទៅកាត់ខ្សែបូបើកដំណើរការពិព័ណ៌ អបអរសាទរ ខួបលើកទី១០៦ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ផងដែរ៕