(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាសមាជិកអចិន្ត្រៃយ៍ គណបក្សខណ្ឌឫស្សីកែវ បានប្រាប់ឲ្យ សមាជិក សមាជិកា របស់ CPP ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ សូមកុំយកតែខ្លួនប្រជាពលរដ្ឋ ផ្ទុយទៅវិញធ្វើយ៉ាងណា ត្រូវតែខិតខំប្រឹងប្រែង យកឲ្យបានបេះដូងរបស់ប្រជាពលរដ្ឋទើបហៅថា ឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស និងសកម្មជន របស់គណបក្សប្រជាជនកម្ពុជា។
លោក ប្រាជ្ញ សីហា បានលើកឡើងថា «ក្នុងនាមសមាជិកស មាជិការរបស់CPP តើយើងត្រូវធ្វើដូចម្ដេច ទើបអាចយក បេះដូងរបស់ ប្រជាពលរដ្ឋបាន? ហើយឲ្យប្រជាពលរដ្ឋផ្ដល់សេចក្ដីទុក្ខ ចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា ចាំបាច់ឃោសនិក មេខ្យល់ជនប្រតិកម្ម រហ័ស និងសកម្មជន ត្រូវតែស្គាល់ឲ្យបានច្បាស់ ពីតួនាទី ភារកិច្ចរបស់ខ្លួន តើមានអ្វីខ្លះ? ពិសេសត្រូវស្វែងយល់ឲ្យស៊ីជម្រៅពីតម្រូវការ ចាំបាច់ និងការចូលរួមដោះស្រាយឲ្យទាន់សភាពការ ជូនប្រជាពលរដ្ឋ នោះទើបយើងអាចយកបេះដូងរបស់ប្រជាពលរដ្ឋបានហើយ អាចទទួលបានជោគជ័យ ក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅពេលខាងមុខបាន»។
ការស្វែងយល់ស៊ីជម្រៅរបស់CPP ខណ្ឌឫស្សីកែវបែបនេះ ត្រូវបានលោក ប្រាជ្ញ សីហា លើកឡើងក្នុងឱកាស ផ្ដល់វគ្គបំពាក់បំប៉នមួយ ទៅដល់ឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស សកម្មជន របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅ សាលប្រជុំមន្ទីរបក្សសង្កាត់ស្វាយប៉ាក ដោយមានការចូលរួមពីលោក សៀម បូរិន អនុប្រធានក្រុមការងារ ចុះជួយសង្កាត់ស្វាយប៉ាក និងថ្នាក់ជាតិចុះជួយខណ្ឌឫស្សីកែវ លោក ស៊ឹម ស៊ឹក គ្រីយ៉ា ប្រធានមន្ទីរបក្សខណ្ឌ និងលោក ហ៊ូ សាម៉ន ប្រធានបក្សសង្កាត់ស្វាយប៉ាក ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារមក ពីតាមបណ្ដាសាខាបក្សសង្កាត់ និងភូមិជាង៤០នាក់ផងដែរ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ក្នុងវគ្គបំពាក់បំប៉ននេះ គឺជាកិច្ចការដ៏សំខាន់ ចំពោះមុខ និងយូរអង្វែងរបស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា និងទាមទារ ឲ្យមេខ្យល់ ជនប្រតិកម្មរហ័ស សកម្មជន ស្គាល់ពីតួរនាទី ភារកិច្ច ទាំង៤ផ្នែករបស់ខ្លួនឲ្យបាន ច្បាស់ ដើម្បីបន្តអនុវត្ត ហើយអាចទទួលបាននូវជោគជ័យ ក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ព្រោះនៅសល់ប្រហែលជា៩០ថ្ងៃទៀតប៉ុណ្ណោះ។
លោកបានពន្យល់យ៉ាងដូច្នេះថា ទី១៖អំពីមេខ្យល់ ត្រូវចំណាំថា ជាអ្នកនាំមុខមហាជនដែលមានទីតាំង និងការរៀបចំបានត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិ ជាអ្នកមានឥទ្ធិពលលើក្រុម (ផ្លូវការ ឫក្រៅ ផ្លូវការ) ព្រមទាំងមានប្រជាប្រិយភាព ទាំងការនិយាយ ស្ដីឫធ្វើការ អំពាវនាវចំពោះអ្នកដ៏ទៃ ហើយជាអតីត ឫបច្ចុប្បន្នជា អ្នកដឹកនាំ ឫក៏អ្នកមានគុណសម្បត្តិ ក្នុងមូលដ្ឋាននោះដោយ គួបផ្សំមានជីវភាពបង្គួរ បើប្រៀបធៀបទៅសមាជិកក្នុងក្រុម ជាពិសេស ត្រូវចេះចែករំលែកផលប្រយោជន៍ដល់ក្រុមចេះដឹងសុខទុក្ខ និងជួយយកអាសារអ្នកដ៍ទៃ។
ទី២៖ជនប្រតិកម្មរហ័ស ជាមនុស្សដែលអង់អាចក្លាហាន ហ៊ាននិយាយ ហ៊ានវាយបកទាន់ពេល ដោយផ្ទាល់ ឫដោយ ប្រយោលទៅលើ គំនិតមិនចម្រើនជឿនលឿន ឫក៏ការឃោសនា អកុសលរបស់មជ្ឈដ្ឋានអគតិនានា ពិសេសជាអ្នកធ្វើ សកម្មភាពជាមួយមហាជនដែលគ្មាន ការរៀបចំច្បាស់លាស់ នៅតាមទីផ្សារ ឫកន្លែងសាធារណៈ។ ចាំបាច់ ជនប្រតិកម្មរហ័ស ត្រូវមានលក្ខណៈសិល្បៈ នៅក្នុងការបកស្រាយ ឫឆ្លើយទៅនិងសំនួរនានា ត្រូវមានភាពហ្នឹងហ្នឹរ អត់ធ្មត់ មិនប្រឡោត ហើយសំខាន់ជាងនេះ ត្រូវមានភាពប៉ិនប្រសប់ដោយ ខិតខំរកវិធី ដោយចេះឆ្លៀតឱកាស យកព័ត៌មានវិជ្ជមាន និងអវិជ្ជមានពីគណបក្សនានា មកធ្វើការវិភាគសរុប និងសន្និដ្ឋានខ្ចាប់លើតថៈភាព សច្ចៈភាព និងភាពសមហេតុផល នៃរឿងរ៉ាវនីមួយៗ ដោយសមស្របទៅនិងមូលដ្ឋានផង។
ទី៣៖ឃោសនិក គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលផលិត ចងក្រងខ្លឹមសារ និងបំពេញការងារឃោសនាអប់រំ និងជាអ្នកផ្សប់ផ្សាយបន្ត គោលមាគ៌ានយោបាយ កម្មវិធីនយោបាយរបស់គណបក្ស សេចក្ដីសម្រេចនានារបស់បក្ស។ល។ ដើម្បីជូនដល់សមាជិកបក្សនិងមហាជន គ្រប់មូលដ្ឋាន ដោយមានភាពប៉ិនប្រសប់ សិល្ប៍វិធី និងវោហាសាស្ត្រ ធ្វើឲ្យអ្នកចូលរួមចាប់អារម្មណ៍ និងយកចិត្តទុកដាក់ស្ដាប់ពិសេស លក្ខណៈសម្បត្តិរបស់ឃោសនិក គឺជាអ្នកមានចំណេះដឹងទូទៅ មានសមត្ថភាព ក្ដាប់ជាប់គោលមាគ៌ា គោលនយោបាយកម្មវិធី នយោបាយ របស់គណបក្ស ព្រមទាំងមានភាពឈ្លាសវៃ ជាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនបាន នៅគ្រប់កាលៈទេសៈ ហើយជាអ្នកចូលចិត្ត ការស្រាវជ្រាវ និងចងក្រងខ្លឹមសារនានា តាមដានសភាពការ ជាតិ-អន្តរជាតិ រួមនិងមានសិលធម៌ របៀប រស់នៅល្អ និងមានសុខភាព ល្អ។
ទី៤៖សកម្មជននយោបាយ គឺជាជនពាក់ព័ន្ធក្នុងដំណើរការ នយោបាយ ដែលប៉ិនប្រសប់ ជំរុញលើកទឹកចិត្ត ឫរារាំងបង្កើនការយល់ដឹងអំពី បញ្ហាអ្វីមួយ ដល់អ្នកចូលរួម ព្រមទាំងហ៊ានប្រយុទ្ធ ដើម្បីផលប្រយោជន៍ក្រុម ឫគណបក្ស។ ម្យ៉ាងទៀត សកម្មជនគណបក្សជាអ្នកមាន ទឹកចិត្តស្មោះត្រង់ជាមួយបក្ស ចេះឃោសនា ហ៊ានការពារ ហ៊ានប្រឈមទៅ និងកម្លាំងប្រឆាំង ដែលវាយប្រហារមកលើ គណបក្ស ពិសរសលក្ខណៈសម្បត្តិ របស់សកម្មជនគណបក្ស ជាអ្នកមានសមត្ថភាព និងក្ដោបក្ដាប់ គោលមាគ៌ា គោលការណ៍ គោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្ស និងស្ថានភាពរបស់ប្រទេសជាតិ ហើយប៉ិនប្រសប់ប្រើប្រាស់វិធីសាស្ត្រក្នុងការពន្យល់និងបកស្រាយ រាល់បញ្ហា ដែលកំពុងកើតមាន ដោយពន្យល់ដល់អ្នកចូលរួម ងាយយល់ដឹង មានវោហាសាស្ត្រគ្របដណ្ដប់លើដៃគូរ ព្រមទាំងមានកាយ សម្បទាមាំមួន និងមានលក្ខណៈសិល្បៈក្នុងការនិយាយ ដោយចូលរួមគ្រប់វេទិកា ព្រិត្តិការណ៍នយោបាយរបស់បក្ស រួមនិងឃោសនា ចលនា មហាជនឲ្យគាំទ្រគណបក្ស ការពារប្រយុទ្ធដើម្បីផលប្រយោជន៍គណបក្ស។
ជាមួយគ្នានោះ លោក លោក សៀម បូរិន អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ាក និងថ្នាក់ជាតិចុះជួយខណ្ឌឫស្សីកែវ បានចូល រួមឧបត្ថម្ភថវិកា ដល់ក្រុមយុវជនសង្កាត់ស្វាយប៉ាក ឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស និងសកម្មជន របស់គណបក្សប្រជាជនកម្ពុជា ចំនួន៦សែនរៀលផងដែរ ដើម្បីលើកទឹកចិត្ត៕