(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ ក្រោមការកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាន បានបង្ក្រាប និងចាប់ខ្លួនបក្ខពួកក្រុមចោរប្លន់ម្នាក់ ខណៈ៣នាក់ទៀតកំពុងរត់គេចខ្លួន ដែលជាប់ពាក់ព័ន្ធក្នុងករណីប្លន់នាពេលកន្លងទៅ។
មន្ដ្រីនគរបាលស្រុកស្នួល បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ កាលពីម្សិលមិញ ក្រោយពីសមត្ថកិច្ចទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ស៊ីម សារី ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួលថា មានជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ៤គ្រឿង បានមកស្ទាក់ខ្លួន ហើយព្រួតវាយជនរងគ្រោះ យកកាបូបលុយដែលមានប្រាក់ចំនួន៣,០០០ដុល្លារ នៅមុខវិទ្យាល័យស្នួល តែត្រូវជនរងគ្រោះ ចាប់ជនសង្ស័យម្នាក់ តែពេលនោះជនសង្ស័យ ក៏បានហុយកាបូបលុយឲ្យជនរងគ្រោះវិញ រួចពួកគេទាំង៤នាក់ បានជិះម៉ូតូរត់គេចខ្លួនបាត់។
នគរបាលបញ្ជាក់ថា ក្រោយស្ដាប់ការរៀបរាប់របស់ជនរងគ្រោះ កម្លាំងនគរបាលស្រុកស្នួល បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវតាមរកមុខសញ្ញារហូត ដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿង។ ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួននោះ ឈ្មោះ ឡោ ខេង អាយុ៤៨ឆ្នាំ ក្រោយពីសាកសួរ និងស្រង់ចម្លើយរបស់ជនសង្ស័យ បានសារភាពថា រូបគេពិតជា បានធ្វើសកម្មភាពព្រួតវាយ និងយកកាបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យប្រាប់ថា ការធ្វើសកម្មភាពខាងលើ រូបគេមានបក្ខពួកចំនួន៣នាក់ផ្សេងទៀត ទី១៖ឈ្មោះ ស៊ុយ អាយុ៥៥ឆ្នាំ រស់នៅខេត្តតាកែវ រត់គេចខ្លួនបាត់ ជិះម៉ូតូម៉ាកHonda Dream C125, ទី២៖ឈ្មោះ គា អាយុ៥២ឆ្នាំ រស់នៅខេត្តកំពត រត់គេចខ្លួនបាត់ ជិះម៉ូតូម៉ាក ស៊ីរ៉ូស, ទី៣៖ឈ្មោះ ផេង អាយុ៤៧ឆ្នាំ រស់នៅភ្នំពេញ រត់គេចខ្លួនបាត់ជិះម៉ូតូ Honda Dream។
បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលស្រុកស្នួល បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕