(ភ្នំពេញ)៖ តោះនៅចាំអីទៀត នាំគ្នាមករាំលេងកម្សាន្ត ចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ ជាមួយនឹងបទថ្មីមានចំណងជើងថា «ក្រមុំខ្ញុំអ្នកណាសង» ដែលជាការបកស្រាយយ៉ាងពីរោះជក់ចិត្ត របស់តារាចម្រៀងបែបយុវវ័យ សម្បូរដោយមន្តស្នេហ៍រយពាន់ គឺកញ្ញា សុខ ពិសី ក្នុងផលិតកម្ម សាន់ដេ ដើម្បីត្រៀមក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ។
បទ «ក្រមុំខ្ញុំអ្នកណាសង» ជាបទចម្រៀងនិពន្ធទំនុកច្រៀង តាមបទមរតកដើម ដែលជាការបកស្រាយ របស់អ្នកស្រី សុង សេងហ៊ន ប៉ុន្តែពេលបន្ថែមនូវសាច់ភ្លេងថ្មី ធ្វើឲ្យអ្នកស្ដាប់ ហាក់ចាប់អារម្មណ៍ខ្លាំង ជាពិសេសយុវវ័យ ហើយពួកគេរំពឹងថា នឹងរាំហុយដីទ្រលោមទៀតហើយ ជាមួយបទដ៏ពីរោះ ញាក់តាមបែបបុរាណមួយនេះ។
គ្រាន់តែបទនេះ ចេញនៅតាមប្រព័ន្ធបណ្ដាញសង្គមភ្លាម បានធ្វើឲ្យយុវវ័យ ចាប់អារម្មណ៍ខ្លាំង រហូតអ្នកគាំទ្រខ្លះ បានបញ្ចេញមតិថា ឲ្យផលិតកម្ម សាន់ដេ បញ្ចេញបទចម្រៀងឲ្យអស់មក ព្រោះសុទ្ធតែជាបទពីរោះៗ គួរឲ្យចង់ស្ដាប់ ហើយពួកគេបានត្រៀមរួចហើយថា នឹងរាំយ៉ាងសប្បាយរីករាយ ជាក់ជាមិនខាន ជាពិសេស គឺបទចម្រៀង ញាក់របស់កំពូលតារាចម្រៀង លេចធ្លោជាងគេ គឺកញ្ញា សុខ ពិសី «ក្រមុំខ្ញុំអ្នកណាសង» នេះតែម្ដង។
ស្ដាប់បទនេះបន្តិចមើលជឿជាក់ថា នឹងធ្វើឲ្យរញ្ជួយអារម្មណ៍ ចង់តែឡើងរាំជាមិនខាននោះទេ៖