(ភ្នំពេញ)៖ ធនាគារល្បីឈ្មោះមួយនៅកម្ពុជា «កម្ពុជាពាណិជ្ជ» ដែលជាដៃគូសហការដ៏ស្អិតរមួត ជាមួយនឹងធនាគារជាតិ នៃកម្ពុជា បានប្រារព្ធពិធីខួបលើកទី២៥ឆ្នាំ ក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូក្នុងអាជីវកម្មរបស់ខ្លួន នេះអាចសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ពិធីគម្រប់ខួបលើកទី២៥ឆ្នាំ របស់ «កម្ពុជាពាណិជ្ជ» (CCB)នេះ មានការចូលរួមពី លោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា និង លោក Nuttavudh Photisaro ឯកអគ្គរដ្ឋទូតនៃប្រទេសថៃប្រចាំប្រទេសកម្ពុជា រួមនិង លោក Na Bhengbhasang Krishnamra ប្រធានក្រុមប្រឹក្សាភិបាលតំណាងឱ្យធនាគារកម្ពុជាពាណិជ្ជ ដែលប្រព្រឹត្តនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ក្នុងឱកាសនោះ លោក ជា ចាន់តូ បានផ្តល់អនុសាសន៍ជាច្រើន ដោយបានលើកឡើងថា ធនាគារ​ «កម្ពុជាពាណិជ្ជ» គឺជាធនាគារដែលបង្កើតក្នុងឆ្នាំ១៩៩១ និងបានតស៊ូចាប់តាំងពីកកម្ពុជាមិនទាន់បានអភិឌ្ឍន៍ខ្លួន បានមកដល់ពេលនេះរហូតដល់សព្វថ្ងៃ។

លោកបន្ថែមថា ធនាគារជាតិនៃកម្ពុជា បានចាប់ដៃជាមួយនឹង «កម្ពុជាពាណិជ្ជ» ចាប់តាំងពីថ្ងៃបង្កើត រហូតដល់ឆ្នាំ១៩៩៨។ ធនាគារជាតិនៃកម្ពុជា បានបោះទុនទាំងអស់ឲ្យទៅធនាគារ «កម្ពុជាពាណិជ្ជ» រហូតមកបច្ចុប្បន្ន បានធ្វើឲ្យធនាគារមួយនេះ មានការរីកចម្រើនមកដល់សព្វថ្ងៃ។

សម្រាប់លោក Na Bhengbhasang Krishnamra បានមានថ្លែងទៅកាន់ដៃគូពាណិជ្ជកម្មដែលបានចូលរួមក្នុងកម្មវិធីនោះថា ធនាគារ «កម្ពុជាពាណិជ្ជ»​ (CCB) និង​ «ធនាគារថៃពាណិជ្ជ» (PCL) ទៅកាន់វិស័យឧស្សាហកម្មធនាគារ នៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តការអភិវឌ្ឍខ្លួនក៏ដូចជា ជួយបង្កើនពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យមានការរីកលូតលាស់​រួមគ្នាជាមួយសហគមន៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ដោយជាផ្នែកមួយនៃយុទ្ធសាស្រ្តអាជីវកម្មអន្ដរជាតិថ្មី ធនាគារ SCB ដែលជាធនាគារធំនៅប្រទេសថៃ និងជាធនាគារចម្បង​របស់ CCB កំពុងផ្តោតលើការពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ានិងវៀតណាម ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសទាំងនោះ ឲ្យមានសក្តានុពលខ្លាំង ទៅលើកំណើន​សេដ្ឋកិច្ចនៅក្នុងប្រទេសអាស៊ាន។

ក្នុងខែមីនា ឆ្នាំ២០១៦ ធនាគារ SCB បានបង្កើតសាខាមួយ នៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ហើយធនាគារសង្ឃឹមថា រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា នឹងអនុញ្ញាតិ្តសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ បើកសាខាមួយទៀតផងដែរ។

ធនាគារ SCB មានបំណងចង់ការពង្រឹងបណ្តាញរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម និងសុំការអនុញ្ញាត្តិ រួមនិងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ផែនការពង្រីកក្នុងការវិនិយោគរបស់ធនាគារមួយនេះ។

សូមបញ្ជាក់ថា ធនាគារ SCB បង្កើតឡើងក្នុងឆ្នាំ១៩៩១ មកម្ល៉េះ ហើយសព្វថ្ងៃមានវត្តមានគ្របដណ្តប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងនោះមាន ធនាគារ «កម្ពុជាពាណិជ្ជ» ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ SCB ហើយមានសាខាមួយទៀត នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ និងការិយាល័យតំណាងមួយនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា៕