(ភ្នំពេញ)៖ ការផ្លាស់ប្តូរបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗ បានក្លាយជាគោលដៅមួយ ដែលគណៈគ្រប់គ្រង របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចាត់ទុកជាអទិភាពចំបង ដែលនឹងផ្តល់ឲ្យនិសិ្សត ឲ្យទទួលបានឱកាសនេះគ្រប់ៗគ្នា។
ការបញ្ជូននិស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស មានគោលបំណង ដើម្បីឲ្យនិស្សិត ទទួលបានឱកាស ក្រេបយកចំណេះ ដឹងជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសដែលមានស្តង់ដារអប់រំខ្ពស់ លើវិស័យព័ត៌មានវិទ្យា និងវិស័យសុខាភិបាល ដើម្បីឲ្យនិសិ្សតអាចអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ និងចូលរួមអភិវឌ្ឍវិស័យ ទាំងពីរនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតថែមទៀត ព្រមទាំងជាការចូលរួមកសាងទំនុកចិត្ត ប្រជាពលរដ្ឋកម្ពុជា លើគុណភាពវិស័យសុខាភិបាល នាពេលអនាគត ជៀសវាងការចំណាកស្រុក ទៅក្រៅប្រទេសក្នុងការស្វែងរក សេវាព្យាបាលជំងឺ។
ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ និស្សិតផ្នែកព័ត៌មានវិទ្យាម្នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សារយៈពេល១ឆមាស នៅសាកលវិទ្យាល័យ KOREATECH សាធារណៈរដ្ឋកូរ៉េ។
គួរបញ្ចាក់ផងដែរនេះជាលើកទី២ ហើយដែលនិស្សិតផ្នែកព័ត៌មានវិទ្យា របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ទទួលបានឱកាស ក្នុងការផ្លាស់ប្តូរកម្មសិក្សា ទៅសាកលវិទ្យាល័យ KOREATECH ដោយក្នុងឆ្នាំ ២០១៦ និស្សិតផ្នែកព័ត៌មានវិទ្យាចំនួន២នាក់ បានទទួលអាហារូបករណ៍នេះផងដែរ។
ដោយឡែកនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានរៀបចំបញ្ជូននិស្សិតផ្នែក វេជ្ជសាស្ត្រចំនួន ១០នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ រយៈពេល០៣សប្តាហ៍។ នេះជាលើកទីបីហើយ ដែលនិសិ្សតផ្នែក វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំសិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូន និស្សិតវេជ្ជសាស្ត្រចំនួន៥៥នាក់ ចុះកម្មសិក្សានៅក្រៅប្រទេស ក្នុងនោះនៅប្រទេស កូរ៉េ Ajou University (២នាក់) សិង្ហបូរី National University of Singapore (១នាក់) ម៉ាឡេស៊ី University of Malaya (៥នាក់) និងថៃ រួមមាន សាកលវិទ្យាល័យ Khon Kaen (៣៣នាក់) សាកលវិទ្យាល័យ Chiang Mai (៦នាក់) សាកលវិទ្យាល័យ Mahidol (៨នាក់)។
រៀងរាល់ដំណើរចុះកម្មសិក្សារបស់និស្សិត គណៈគ្រប់គ្រង សាស្រ្តាចារ្យនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត តែងតែជួប សំណេះសំណាល ផ្ទាល់ជាមួយនិស្សិត ដោយបានផ្តល់ដំបូន្មាន មតិណែនាំ និងចែករំលែកនូវបទពិសោធន៍ល្អៗ ស្តីពីការសិក្សានៅក្រៅប្រទេស ដល់និស្សិតទាំងអស់ផងដែរ។
ជាមួយគ្នានេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ និងអាហារូបករណ៍ផ្សេងៗនៅបរទេសសម្រាប់ ពង្រឹងសមត្ថភាព បទពិសោធន៍ និងអាជីពរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាពខ្ពស់នាពេលអនាគត៕