(បាត់ដំបង)៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង លោក សែម ស៊ីណង បានដឹកនាំបេក្ខជនក្រុមប្រឹក្សាឃុំ ឲ្យចុះតាមខ្នងផ្ទះប្រជាពលរដ្ឋចែកមូលនិធិសម្តេចក្រឡាហោមចំនួន៣៣នាក់ និងបានណែនាំឲ្យប្រជាពលរដ្ឋ បានស្គាល់មុខបេក្ខភាពបេក្ខជន ក្រុមប្រឹក្សាឃុំអណត្តិថ្មី ដើម្បីបោះឆ្នោតជ្រើសរើសទុកសម្រាប់ការងារមូលដ្ឋាន បម្រើពួកគាត់បន្តទៀត។
លោក សែម ស៊ីណង បានថ្លែងថា សមាជិកគាំទ្រ ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវចុះតាមខ្នងផ្ទះសួរសុខទុក្ខប្រជាពលរដ្ឋ ស្វែងយល់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបង្កើតភាពជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅថ្នាក់មូលដ្ឋាន។ យើងត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ និងជម្រុញឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងបម្រើសេវាសាធារណៈ ជូនពួកគាត់ឲ្យបានល្អ ខណៈពេលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជិតមកដល់ពេលឆាប់ខាងមុខនេះ។
លោក ប្រធានក្រុមការងារ បានបញ្ជាក់ថា «យើងជាសកម្មជនទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំត្រូវចុះធ្វើសកម្មភាព ការងារបក្សនៅតាមខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាលស្វែងយល់ពីតម្រូវការរបស់ពួកគាត់ តាមរយៈការចុះចែកមូលនិធីសម្តេចក្រឡាហោម តាមរយៈចុះចែកអំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រានិងការងារកសាងសមិទ្ធិផលផ្សេងៗទៀត »។ល។
លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវធ្វើយ៉ាងណា ត្រូវបម្រើសេវាសាធារណៈជូនពួកគាត់ ក្នុងករណីធម្មតា ក៏ដូចជា៖ ករណីចាំបាច់ ត្រូវបម្រើជូនពួកគាត់ឲ្យបានលឿន និងឆាប់រហ័សទាន់ចិត្ត បើអាចយកទៅជូនដល់ផ្ទះពួកគាត់ បានផងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះក៏ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ពិសេសការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ជាដើម។
ជាក់ស្តែងថ្ងៃនេះផងដែរ លោកប្រធានបានដឹកនាំក្រុមការងារ អញ្ជើញចុះតាមខ្នងផ្ទះប្រជាពលរដ្ឋចំនួន៣៣នាក់ ក្នុងឃុំនរាទាំងអស់ស្រ្តីសម្រាលកូនមាន១៧នាក់ និងគ្រួសារអ្នកមរណៈមាន១៦នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល។ នៅក្នុងការចុះចែកមូលនិធិតាមខ្នងផ្ទះនាឱកាសនោះ ប្រធានក្រុមការងារ ក៏បានជូនថវិកាដល់សមាជិកបក្សមូលដ្ឋាន ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តនរាធិបតី១០ម៉ឺនរៀលនិងចំណាយផ្សេងៗទៀតមួយចំនួនផងដែរ។
ស្រ្តីទើបសម្រាលកូន និងគ្រួសារអ្នកមរណៈទាំងអស់ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបាននាំមូលនិធិសម្តេចក្រឡាហោម មកចែកជូនប្រជាពលរដ្ឋ នៅក្នុងខែមករា និងខែកុម្ភៈនេះ ដោយមិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ ពិសេសថ្នាក់ដឹកនាំកំពូលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ នៅពេលដែលពួកគាត់បានជួបប្រទះគ្រោះធម្មជាតិផ្សេងៗកន្លងមកក៏ដូចជាបច្ចុប្បន្ននិងអនាគត។
បន្ទាប់ពីបានថ្លែងអំណរគុណហើយ ពួកគាត់ក៏បានប្តេជ្ញាចិត្តផងដែរថា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាក្រុមប្រឹក្សាឃុំ សង្កាត់នាដើមខែមិថុនាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ បានដឹកនាំប្រទេសជាតិបន្តទៀត បន្តកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនិងបានទទួលសុខសន្តិភាពរៀងរហូតតទៅ៕