(កណ្តាល)៖ អំណោយជាគ្រឿងឧបភោគបរិភោគ កង់ និងថវិកាមួយចំនួនផងដែរ ត្រូវក្រុមការងារចុះជួយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំជាច្រើនគ្រួសារដែលកំពុងជួបប្រទះការខ្វះខាត។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់ក្រុមការងារដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ខណៈពួកគាត់កំពុងខ្វះខាត និងត្រូវការចាំបាច់នោះ។ អញ្ជើញចុះចែកដោយផ្ទាល់ពីលោក សន វី អនុប្រធានទី១ នៃក្រុមការងារចុះជួយឃុំព្រែកគយ និងមានការអញ្ជើញ ចូលរួមពីលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងសមាជិកក្រុមការងារជាច្រើនរូបទៀតផងដែរ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។
លោក សន វី បានថ្លែងថា អំណោយដែលនាំយកមកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ នាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានកង់១ និងគ្រឿងឧបភោគបរិភោគ សម្ភារផ្ទះបាយ១កំប្លេ និងថវិកាមួយចំនួនផងដែរ ដែលអំណោយទាំងនេះបានមកពីរូបលោក សហការី រួមជាមួយលោកអភិបាលស្រុកស្អាងផងដែរ។
លោកបានបន្តទៀតថា ការចុះជួយគ្រួសារពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននោះ លោកនិងក្រុម ការងាររួមនិងលោកអភិបាលស្រុកស្អាង បានចុះធ្វើជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ និងបានឲ្យសមាជិកនៅក្នុងមូលដ្ឋាន ធ្វើការស្រាវជ្រាវនិងពិនិត្យមើលចំពោះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានណាដែលជួបការលំបាកពិតប្រាកដ រួចហើយក្រុមការងារបានចុះមកជួយភ្លាមៗ ជាក់ស្តែងដូចពេលនេះ។
លោកបានបន្តទៀតថា សកម្មភាពបែបនេះ លោកក៏ដូចជា ក្រុមការងារ និងចុះជួយជាបន្តទៀត នៅពេលដែលពិនិត្យឃើញគ្រួសារពលរដ្ឋ ណាជួបការលំបាកពិតប្រាកដនោះ។ លោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ដែលមកទទួលអំណោយនោះ ត្រូវជួយណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងពន្យល់ពួកគាត់ងៀកទៅរកការលេងកីឡាដើម្បីសុខភាព។
ជាមួយគ្នានោះប្រជាពលរដ្ឋដែលមកទទួលអំណោយនោះ បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ពួកគាត់ជាពិសេសខណៈពួកគាត់កំពុងជួបប្រទះបញ្ហាខ្វះខាត ក្នុងគ្រួសារយ៉ាងខ្លាំងនោះ ៕