(ភ្នំពេញ)៖ ក្រុមបងធំ បងតូចមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ កំណាត់ឈើ បំពង់ទីប គ្រប់ដៃបានជិះម៉ូតូ៤ ទៅ៥គ្រឿង វាយប្រហារទៅលើក្រុមមន្ត្រីយោធានៅ «អង្គភាពឆ័ត្រយោងលេខ៩១១» ដែលមានគ្នាជិត២០នាក់ ដែលកំពុង ធ្វើដំណើរ តាមដងផ្លូវ ដូចក្នុងរឿងចិនហុងកុង បណ្តាលឲ្យមន្ត្រីយោធា៣រូបរងរបួសធ្ងន់ ជនបង្កម្នាក់នៅខាង ក្រុមបងធំបងតូច ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ខណៈបក្ខពួកជាច្រើននាក់ទៀត រត់គេចខ្លួនបាត់អស់។

អំពើហិង្សាដេញវាយគ្នាយ៉ាងអនាធិបតេយ្យខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញលើផ្លូវវេងស្រេង នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កដៃដល់ដែលចាប់បានឈ្មោះ វ៉ែន វិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះ ជាមន្ត្រីយោធា៣រូបខាងលើនោះ ទី១៖ ឈ្មោះ ផូ សុភា អាយុ២៤ឆ្នាំ ស្រុកកំណើត នៅភូមិអណ្តូងឬស្សី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ទី២៖ ឈ្មោះ ឆិល ណាត់ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ ទី៣៖ ឈ្មោះ ឡឹក ចាន់ថុល អាយុ២០ឆ្នាំ ស្រុកកំណើត នៅខេត្តតាកែវ។

មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា តាមដំណើរឿងនៅមុនពេលកើតហេតុ មានក្រុមកូនទាហាន នៃអង្គភាពឆ័ត្រយោង លេខ៩១១ មានគ្នាចំនួន១៧នាក់បាននាំគ្នាមកដើរលេង ដោយធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង គោលបំណងចង់ចូលទៅរាំ លេងកំសាន្តនៅ ក្លឹបកំសាន្ត «មីតណាយ» ខណៈដែលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមបងតូចបងធំ ជាង១០នាក់ ប្រដាប់ដោយ ដំបងឈើ ដំបងទីប ដុំឥដ្ឋ ដុំថ្ម មកវាយទៅលើក្រុមកូនទាហាន ដែលជាមន្ត្រីយោធាខាងលើ ទើបធ្វើឲ្យកូនទាហានទាំងនោះ វាយតបត ទៅវិញបង្កកាភ្ញាក់ផ្អើលពេញផ្លូវ ដូចនៅក្នុងរឿងកុន បណ្តាលឲ្យកូនទានហាន៣នាក់ បានរងរបួសធ្ងន់។

ភ្លាមៗនោះ កម្លាំងនគរបាលបានចុះទៅអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនក្រុមជនបង្កហេតុបានម្នាក់ និងបក្ខពួកជាង១០នាក់ទៀត បានរត់យកព្រះអាយុ បាត់ស្រមោលអស់តែម្តង៕