(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌល CJCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ វេលាម៉ោង៨៖៣០នាទី​ ដល់១១៖៣០នាទី មានការរៀបចំសិក្ខា​សាលា​​មួយក្រោមប្រធានបទ «នីតិរដ្ឋ និងប្រព័ន្ធតុលាការនៅកម្ពុជា» ក្រោមអធិបតីយភាពលោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពួល។

ការរៀបចំសិក្ខាសាលានេះ មានគោលបំណងដើម្បីបំប៉នលើមុខវិទ្យានីតិសាស្ត្រដល់និស្សិតថ្នាក់បណ្ឌិតជំនាន់ទី៣ វគ្គ២ ថ្ងៃសៅរ៍ អាទិត្យ ឆ្នាំសិក្សា ២០១៧-២០១៨ របស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) ដោយមានការចូលរួមពី​សំណាក់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិតនិងភ្ញៀវកិត្តិយស ជាង១០០នាក់ ក្នុងនោះនិស្សិតថ្នាក់បណ្ឌិតចូលរួម​មានជាង៧០នាក់ផងដែរ។

ក្នុងអង្គពិធីនេះលោកបណ្ឌិត ជីវ កេង បានថ្លែងថា នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ការកែទំរង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាចក្ខុវិស័យមួយ សម្រេចឲ្យបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌មួយ ដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់កាលើកស្ទួយការគោរពសិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងពង្រឹងគោលការណ៍នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរី ធានានូវយុត្តិធម៌សង្គម។ ការទំរង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាចំណុចគន្លឹះមួយ មិនអាចខ្វះបាន ក្នុងទិសដៅពង្រឹងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជា ពង្រឹងវប្បធម៌នៃការគោរពច្បាប់។

ការពង្រឹងនីតិរដ្ឋមិនអាចប្រព្រឹត្តទៅបានឡើយ កាលបើប្រព័ន្ធយុត្តិធម៌មិនមានប្រសិទ្ធិភាព ពីព្រោះថា អង្គការតុលាការដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការអនុវត្តច្បាប់ ដែលកើតចេញពីឆន្ទៈទូទៅ របស់ប្រជាពលរដ្ឋតាមរយៈអង្គការនីតិបញ្ញត្តិ៕