(ភ្នំពេញ)៖ កាសែតខ្មែរថាមស៍ (Khmer Times) ដែលចេញផ្សាយពីរភាសា ខ្មែរ-អង់គ្លេស គ្រោងប្តឹងកាសែតដឹខេមបូឌាដេលី (The Cambodia Daily) ដែលបានចុះផ្សាយអត្ថបទជាភាសាអង់គ្លេសមួយ និយាយថា លោក Chen Lip Keong ប្រធានក្រុមហ៊ុនណាហ្គា និងលោក ហ៊ុន ម៉ានិត បានផ្តល់លុយចំនួនរាប់ម៉ឺនដុល្លារឲ្យទៅចាងហ្វាងកាសែត Khmer Times ដើម្បីដំណើរការចេញផ្សាយសព្វថ្ងៃនេះ។
លោក ជាង សុខា នាយប្រតិបត្តិព័ត៌មាន របស់កាសែត Khmer Times បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនានេះថា ជាការពិតថ្នាក់ដឹកនាំកាសែតខ្មែរថាមស៍ បានពិភាក្សារួចហើយជាមួយក្រុមមេធាវី អំពីដំណើរការប្តឹងកាសែត Cambodia Daily ដែលផ្សាយព័ត៌មានមិនពិត, ប៉ុន្តែការសម្រេចចិត្តប្តឹងយ៉ាងណានោះ គឺជាការសម្រេចរបស់ថ្នាក់ដឹកនាំ។
សូមជំរាបថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ កាសែតដឹខេមបូឌាដេលី បានចុះផ្សាយអត្ថបទជាភាសាអង់គ្លេសមួយ និយាយអំពីសារបែកធ្លាយជាច្រើនដែលលើកឡើងពីការសង្ស័យថា ជាទំនាក់ទំនងរវាងកាសែតខ្មែរថាមស៍ ជាមួយលោក ហ៊ុន ម៉ានិត និងប្រធានក្រុមហ៊ុនណាហ្គា។
កាសែត ខ្មែរថាមស៍ ជាសារព័ត៌មានបង្កើតបានជិត៣ឆ្នាំមកហើយ ចំណែកកាសែត ដឹខេមបូឌាដេលី (The Cambodia Daily) ដែលជាកាសែតប្រចាំថ្ងៃសរសេរជាភាសាអង់គ្លេសដំបូងគេនៅកម្ពុជា៕