(កណ្តាល)៖ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយ ឃុំដីឥដ្ឋ ឃុំគរគី និងឃុំភូមិធំ លោក ម៉ក់ ពេជ្ជរិទ្ធ​ បានថ្លែងបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋជាង៥០០គ្រួសារ រស់នៅភូមិទួលត្នោត ឃុំគរគី ថា «ស្ថាប័នមីក្រូហិរញ្ញវត្ថុ មិនមែនជារបស់រដ្ឋទេ ជារបស់ឯកជន» ដូច្នេះសូមប្រជាពលរដ្ឋ កុំឲ្យមានការយល់ច្រឡំតទៅទៀត ដែលបញ្ហានេះត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាឲ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះពន្យល់ ទៅប្រជាពលរដ្ឋកុំឲ្យ មានការយល់ច្រឡំតទៅទៀត។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា ដោយសារតែបងប្អូន មានការខ្វះខាតដើមរកស៊ីនោះ ទើបទៅខ្ចីធនាគារដូចជា៖ ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងមីក្រូហិរញ្ញវត្ថុ ផ្សេងទៀត ប៉ុន្តែពេលទៅខ្ចីនោះបងប្អូនមិនបានយល់ពីការខ្ចីលុយឯកជន នោះទេ ដោយម្នាក់ៗនាំគ្នា និយាយថា ខ្ចីលុយរដ្ឋៗ ជាហេតុនាំឲ្យមានការយល់ច្រឡំទាំងអស់គ្នា។

នៅក្នុងឱកាសនោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានរិះគន់ដល់បុគ្គលមួយចំនួន នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើបាប ប្រជាពលរដ្ឋ ដូចជា ការលួចយកដីរបស់ពួកគាត់ និងមិនទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើងតាមមូលដ្ឋាន ជាហេតុនាំឲ្យប្រជាពលរដ្ឋ ទាំងនោះបានដើរចេញ និងលែងគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «...ប្រជាពលរដ្ឋ គាត់ដឹងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកមានគុណ តែបុគ្គលមួយចំនួនទេ ដែលដើរ ចោលប្រជាពលរដ្ឋ តែប្រជាពលរដ្ឋ អត់ដែលដើរចោលគណបក្សប្រជាជនទេ។ បុគ្គលមួយចំនួនដើរចេញ ពីប្រជាពលរដ្ឋ ធ្វើបាប ប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋខ្វល់ខ្វាយ នេះដែលយើងត្រូវគិត យើងអត់និយាយភាសា នយោបាយច្រើនទេ តែយើងនិយាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រួសារនីមួយៗ ដើម្បីឲ្យគណៈពង្រឹងជួយដោះស្រាយ»

លោកបានបន្តទៀតថា នៅក្នុងវេទិកាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហារបស់ពួកគាត់ ដោះស្រាយជូនពួកគាត់ មិនមែនមកនិយាយយកតែល្អ និងដើរចេញមិនដោះស្រាយជូនពួកគាត់នោះទេ។ នៅក្នុងពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋ ក៏បានស្នើដល់លោក ម៉ក់ ពេជ្ជរិទ្ធ សុំកង់ឲ្យកូនជិះទៅរៀន និងរទេះពិការ ព្រមទាំងបញ្ហាទឹកចេញតិចៗ នៅពេលថ្ងៃ ហើយសម្រាប់ បញ្ហាទាំងនេះ លោកក៏បានដោះស្រាយជូនផងដែរ។

បន្ទាប់ពីសំណេះសំណាលនោះ លោកក៏បានចែកអង្ករជូនប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕