(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា សាងសង់អគារមណ្ឌលសុខភាពដូនពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ។

ពិធីក្រុងពាលីសាងសង់អគារមណ្ឌលសុខភាពដូនពេញ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័ សិទ្ធិទាំងឡាយ សុំឲ្យជួយបីបាច់ថែរក្សាមន្ត្រីរាជធាការ ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច គ្រប់ផ្នែកក្នុង រាជធានីភ្នំពេញ សូមឲ្យជួបតែសេចក្តីសុខ និងមានជោគជ័យ ក្នុងភារកិច្ចក្នុងបុព្វហេតុអភិវឌ្ឍន៍ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា មណ្ឌលសុខភាពដូនពេញនេះ មានកំពស់៥ជាន់ ទទឹង១២ម៉ែត្រ  បណ្ដោយ៣២ម៉ែត្រ បានបំពាក់សម្ភារ បរិក្ខារពេទ្យ គ្រប់ជាន់នីមួយៗ ដោយចំណាយថវិកាអស់ជិត២លានដុល្លារអាមេរិក ជាថវិការបស់សប្បុរសជន និងរដ្ឋបាលរាជធានី។

ជាមួយគ្នានេះលោកអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀលជូនមណ្ឌលសុខភាពដូនពេញផងដែរ៕