(ភ្នំពេញ)៖ នៅចំពោះមុខ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយក្រុម ដឹកនាំដោយលោកស្រី Paula Albertson មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិស័យការងារ នៃការិយាល័យវិស័យការងារអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញមុខអះអាងថា នឹងពាំនាំព័ត៌មានពិតៗ និងភាពរីកចម្រើន ដែលមាននៅកម្ពុជានេះ ចែលរំលែកដល់ភាគីពាក់ព័ន្ធនានា នៅសហរដ្ឋអាមេរិក​ ឲ្យបានយល់ច្បាស់។

ការសន្យាយ៉ាងជឿជាក់ របស់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ ត្រូវបានលើកឡើង ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្រ្តី អ៉ិត សំហេង នៅទីស្ដីការការងារ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧។

ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្រ្តី អ៉ិត សំហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ភាគីសហរដ្ឋអាមេរិក នឹងពាំនាំព័ត៌មានពិតៗ នៅកម្ពុជា ទៅចែករំលែកជាមួយភាគីពាក់ព័ន្ធនានា នៅសហរដ្ឋអាមេរិក ឲ្យបានយល់កាន់តែច្បាស់»

ភាគីអាមេរិក ក៏បានទទួលយកសំណើររបស់ ប្រមុខក្រសួងការងារកម្ពុជា ផងដែរ ដែលស្នើសុំឱ្យសហរដ្ឋអាមេរិក បន្តការគាំទ្រ និងផ្តល់ភាពអនុគ្រោះ ផ្នែកពាណិជ្ជកម្មបន្ថែមទៀត ដល់កម្ពុជា។

ក្នុងជំនួបនេះ ភាគីសហរដ្ឋអាមេរិក មានការពេញចិត្តជាខ្លាំងពីភាពរីកចម្រើនរបស់កម្ពុជា ព្រោះជាចំណែកមួយ នៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាមេរិក លើការរួមគ្នាអនុវត្តគោលនយោបាយពាណិជ្ជកម្ម ផ្សាភ្ជាប់នឹងបទដ្ឋានការងារ។

លោកស្រី Paula Albertson ដែលមានបទពិសោធន៍ការងារ លើកិច្ចការវិស័យការងារអន្តរជាតិ ជាង២០ឆ្នាំ មកហើយនោះ បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ភ្ជាប់នូវសុឆន្ទៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយសហរដ្ឋអាមេរិក តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ផ្សាភ្ជាប់នឹងបទដ្ឋានការងារ។

ទន្ទឹមនឹងនេះ លោកស្រីក៏បានកោតសរសើរ ដល់ក្រសួងការងារ ដែលខិតខំធ្វើកិច្ចការជាច្រើន ក្នុងការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត។

លោករដ្ឋមន្រ្តី បានបន្តថា ភាគីទាំងពីរបានពិភាក្សា និងចែករំលែក នូវការយល់ដឹងបន្ថែមទៀត ដូចជា ទទួលយកនូវអនុសាសន៍ ទៅលើបញ្ហាមួយចំនួន ដែលភាគីសហរដ្ឋអាមេរិកមិនទាន់យល់ច្បាស់ ឬទទួលព័ត៌មាន មិនទាន់គ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពី សហជីព សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងសេចក្តីព្រាងច្បាប់ស្តីពី នីតិវិធីជម្រះក្តីវិវាទការងារ។

ក្រោយពីទទួលបានការពន្យល់ពី លោករដ្ឋមន្រ្តី ភាគីសហរដ្ឋអាមេរិក បានគ្រាំទ្រចំពោះអ្វីដែលក្រសួងកំពុងខិតខំដំណើរការ ព្រមទាំងលើកទឹកចិត្ត ក្នុងការខិតខំបន្តអនុវត្តថែមទៀត និងជូនពរឱ្យសម្រេចបានជោគជ័យក្នុងការងារ។

លោកបណ្ឌិត អ៉ិត សំហេង បានរំពឹងថា តាមរយៈភាពអនុគ្រោះពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិក ផ្តល់ឱ្យកម្ពុជាកាលពីថ្មីៗកន្លងទៅ លើមុខទំនិញសម្ភារៈធ្វើដំណើរ នឹងធ្វើឱ្យការវិនិយោទុនលើវិស័យនេះ កើនឡើងថែមទៀត ហើយនឹងបង្កើតការងារជាច្រើនទៀត ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលភាពរីកចម្រើននេះ នឹងចាប់ផ្តើមវិវត្តន៍រីកចម្រើន ដូចវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងដែរ ដែលវិស័យនេះ ពីដំបូងចាប់ផ្តើមពីរោងចក្រជាង១០ បច្ចុប្បន្ន កើនឡើងដល់ជាងរាប់ពាន់ ហើយកម្មករនិយោជិត ចាប់ពីជាង៣ម៉ឺននាក់ បច្ចុប្បន្ន កើនដល់ជាង៧០ម៉ឺននាក់៕