(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧ បានឆ្លៀតឱកាសសំរាកចុងសប្តាហ៍ បានផ្ញើសារជូនពរ ដល់ជនរួមជាតិ ដែលជាបងប្អូនស្ត្រីខ្មែរគ្រប់រូប សូមប្រកបដោយសេចក្តីសុខសុភមង្គលគ្រប់ប្រការ និងសំរេចតាមសេចក្តីបំណងប្រាថ្នា ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា ខាងមុខនេះ។
សារជូនពរខ្លីតែមានន័យរបស់សម្តេចតេជោ បានបង្ហោះនៅលើគេហទំព័រ Facebook របស់សម្តេចយ៉ាងដូច្នេះថា «ក្នុងឱកាសបុណ្យទិវានារីអន្តរជាតិ ៨មីនា ខ្ញុំសូមផ្ញើជូននូវពរសព្ទ័សារធុការ ចំពោះលោកយាយ អ៊ុស្រី អ្នកមីង បងស្រី ប្អូនស្រី ក្មួយស្រី ចៅស្រី បានប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ប្រការ។ ពីតារាងកូនហ្គោល ដែលខ្ញុំបានឆ្លៀតពេលសំរាកនាចុងសប្តាហ៍ ខ្ញុំក៏សុំជូនពរស្រ្តីជាមាតា របស់ពិភពលោកបានសំរេច តាមសេចក្តីបំណងប្រាថ្នា»។
សូមជម្រាបថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក តែងតែប្រារព្ធទិវានារីអន្តរជាតិជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៧នេះ ជាខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ត្រូវរៀបចំឡើង ក្រោមប្រធានបទស្តីពី «ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព»៕