(ភ្នំពេញ)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធាន ដើម្បីពិភាក្សាការងារស្តីពីការសុំកិច្ចសហការ និងគាំទ្រកម្មវិធីប្រារព្វព្រឹត្តិការណ៌អង្គរសង្ក្រាន្ត ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦០-២០៦១ គ.ស ២០១៧ ខាងមុខ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំទី០៥ នៃការប្រារព្វព្រឹត្តិការណ៌អង្គរសង្ក្រាន្ត ដោយទទួលនូវបទពិសោធន៌ និងជោគជ័យជាបន្តបន្ទាប់។ ភាពជោគជ័យនេះមិនអាចខ្វះបានពីកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន និងការចូលរួមមតិ និងការណែនាំល្អៗពីឥស្សរៈជនជាប្រធានក្រសួង ស្ថាប័ននីមួយៗ ដែលក្នុងនោះ លោក ហ៊ុន ម៉ានី បានចាត់ទុក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាស្ថាបនិកម្នាក់ ដែលបានគាំទ្រយ៉ាងសកម្មនូវព្រឹត្តិការណ៌អង្គរសង្ក្រាន្តតាំងពីឆ្នាំដំបូង។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានស្នើសុំកិច្ចសហការរបស់ក្រសួង ក្នុងការជួយផ្សព្វផ្សាយ និងគៀងគរ ដល់សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងព្រឹត្តិការណ៌នេះឲ្យបានកាន់តែផុលផុស ជាពិសេសបង្ហាញពីស្នាដៃផលិតផលខ្មែរ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ នៃព្រឹត្តិការណ៌អង្គរសង្ក្រាន្តយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ ដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជា និងវប្បធម៌ប្រពៃណី ទំនៀមទំលាប់នៃអាណាចក្រខ្មែរកាន់តែច្បាស់ ជាពិសេសបានបង្ហាញនូវសមត្ថភាព និងការទទួលខុសត្រូវប្រកបដោយឆន្ទៈមោះមុតរបស់យុវជន ដែលជាអ្នកបន្តវេន ក្នុងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ចំពោះសំណូមពរខាងលើ ក្រសួងនឹងសហការជួយឲ្យអស់លទ្ធភាព ហើយក្រសួងក៏នឹងបញ្ជូនកំលាំងយុវជនស្ម័គ្រចិត្តរបស់ក្រសួងទៅចូលរួមសហការផងដែរ។ ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានផ្តល់ជាមតិ ដើម្បីអាចទាញចំណូលថវិកាខ្លះសម្រាប់ទ្រទ្រង់ព្រឹត្តិការណ៌នេះ ដោយការបន្ថែមនូវផលិតផលមួយចំនួនទៀតរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីលក់ជូនអ្នកទស្សនាទុកជាវត្ថុអនុស្សាវរីយ៍។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានណែនាំពីចិត្រករខ្មែរម្នាក់ ដែលស្នាដៃរបស់គាត់ ត្រូវបានក្រសួងធ្វើការចុះបញ្ជីការពារផែ្នកតក្កកម្មជូនគាត់ កាលពីឆ្នាំមុន គឺការគូរគំនូរដោយវិធីដុតកំឡោចលើ ស្លឹកត្នោត ជាមួយដែកក្បាលមាត់ដុតឲ្យក្តៅ ដែលគាត់អាចនឹងក្លាយជាផ្នែកមួយក្នុងការចូលរួមបង្ហាញពីស្នាដៃរបស់កូនខ្មែរទៅកាន់អ្នកទស្សនាផងដែរ៕