(ភ្នំពេញ)៖ លោក​​ ប៉ិល​​ កុសល អភិបាលខណ្ឌសែនសុខ បានចេញបដិសេធចំពោះ លិខិតពលរដ្ឋដែលបានសរសេរថា «សំណង់ថ្មីៗកំពុងសាងសង់លើផ្លូវ​ ​លេខ១០០៥ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ» ដោយលោកបានអះអាងថា នៅទីនោះមានប្រជាពលរដ្ឋ បានទៅរស់នៅតាំងពីមុនធ្វើផ្លូវ លេខ១០០៥ នោះទៅទៀត មិនមែនធ្វើផ្លូវនេះហើយ មានមនុស្សទៅរស់នៅលើផ្លូវតាមក្រោយនោះទេ។

ការអះអាងរបស់ លោកអភិបាលខណ្ឌសែនសុខ ធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋ បានសរសេរលិខិតរិះគន់ចំៗថា «សំណង់ថ្មីៗកំពុងសាងសង់លើផ្លូវសាធារណៈ លេខ១០០៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អាជ្ញាធរបិទភ្នែក​មិនដឹងមិនឮ!»

ឆ្លើយតបនឹងការរិះគន់ខាងលើ លោកអភិបាលខណ្ឌ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នេះថា «អ្នកមករស់នៅតំបន់នេះ ដំបូងឡើយគ្មានផ្លូវទេ​ ពោលគឺគ្មា​នក្នុងប្លង់ LMAP នោះទេ»។​ ​​​ក្រោយបង្កើត​ខណ្ឌសែនសុខ​ ផ្លូវនេះក៏ត្រូវបានបង្កើតឡើងតាមក្រោយដែរ ហើយបច្ចុប្បន្ន ផ្លូវ១០០៥នេះ បានលាតសន្ធឹងបានពាក់កណ្តាលហើយ។

លោក​ ប៉ិល​​ កុសល​​​ បានពន្យល់ថា​​ «ផ្លូវលេខ១០០៥នេះ សព្វថ្ងៃដំណើរការបានតែមួយកំណាត់ប៉ុណ្ណោះហើយ​មួយ​កំណាត់ទៀត មានប្រជាពលរដ្ឋកាន់កាប់ និងរស់នៅស្ទើរទាំងស្រុង តាំងពីមុនគម្រោងប្លង់គោល LMAP ទៅទៀត។ តែទោះយ៉ាងណា ក្រោយពីមានគម្រោងប្លង់ LMAP រួចមក អាជ្ញាធរបានទប់ស្កាត់ មិនឲ្យមានការរំលោភចូល​ដីផ្លូវទៀតទេ»

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្ត ផ្លូវ១០០៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានផ្ញើលិខិតមកកាន់អង្គភាព Fresh News ជាមួយនឹងការសម្តែងក្តីហួសចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនមានវិធានការទប់ស្កាត់ការសាងសង់សំណង់តូចធំ ដែលបានសង់អាណាធិបតេយ្យ តាមបណ្តោយ ផ្លូវ១០០៥ រំលោភចូលដីសាធារណៈរបស់រដ្ឋ ក្នុងសង្កាត់ភ្នំពេញថ្មី។

ក្រោយពីទទួលបានព័ត៌មាននេះហើយ ប្រមុខរដ្ឋបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានចេញមុខឆ្លើយបំភ្លឺថា ទីតាំងផ្លូវលេខ១០០៥នេះ មានប្រជាពលរដ្ឋរស់នៅ តាំងពីមុនធ្វើផ្លូវនេះទៅទៀត មិនមែនសាង់សង់ផ្លូវនេះហើយ មានមនុស្សទៅរស់នៅលើផ្លូវនេះ យ៉ាងអាណាធិបតេយ្យ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនោះទេ៕

p style="text-align: center;">