(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានជម្រុញឲ្យអាជ្ញាធរក្រុង និងអ្នកទទួលម៉ៅការភាស៊ីផ្សារ សិក្សាគម្រោង និងរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹកចេញពីផ្សារ កាត់ចូលលូមេ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់បងប្អូនអាជីវករ ឲ្យកាន់តែងាយស្រួលនិងលឿនជាងមុន។ ការជម្រុញរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស លោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារពោធិ៍សាត់។
លោកអភិបាលខេត្ត បានឲ្យដឹងថា បើមានឱកាសលោកនឹងអញ្ជើញបងប្អូនអាជីវករទូទាំងផ្សារពោធិ៍សាត់ មកជួបជុំគ្នាម្តង នៅថ្ងៃណាមួយដែលសមរម្យ ដើម្បីលើកពីបញ្ហាប្រឈមរួមគ្នាដោះស្រាយ ឲ្យដូចជាគ្រួសារតែមួយ។ ហើយការចុះមកនាពេលនេះ គឺជាទម្លាប់របស់លោក ក្នុងការត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការសាងសង់ដំបូលផ្សារ លើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានទទួលដោះស្រាយសំណូមពររបស់បងប្អូនអាជីវករ ទាក់ទងនឹងដំបូលផ្សារលិចពេលមានភ្លៀងម្តងម្កាល និងប្រព័ន្ធលូបង្ហូរទឹកចេញពីផ្សារ និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារពោធិ៍សាត់ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជួយធ្វើការថែទាំង និងសម្អាតអនាម័យ ដើម្បីឱ្យក្រុងពោធិ៍សាត់លេចចេញនូវសោភណ្ឌភាព ផាសុកភាព ដែលជាការលើកទឹកចិត្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការចូលរួមចំណែក គាំទ្រគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ និងក្មេងកំព្រា ដែលបានយកផលិតផលបន្លែបង្កាបន្តិចបន្តួចមកលក់ដូរ ព្រមទាំងផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងបងប្អូនក្រុមគ្រួសារម៉ូតូឌុប នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕