(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការ រីកចម្រើនផ្នែកវប្បធម៌របស់ខ្មែរ ជាពិសេសគឺការចូលរួមកាន់តែច្រើនពីយុវជន យុវតីខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរផងដែរ ចំពោះការរៀបចំឲ្យមានការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ដែលទិវានេះ បានចូលរួមបំផុសមនសិការ និងស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបរបស់ខ្មែរ ឲ្យជ្រាបចូលក្នុងស្រទាប់ប្រជាជាតិខ្មែរ គ្រប់មជ្ឈដ្ឋានទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសយុវជន ដែលជាអ្នកបន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ចំនួន៦បន្ថែមទៀត ឲ្យក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធរួមគ្នាអនុវត្តន៍ ដើម្បីបណ្តុះការស្រឡាញ់ និងឆន្ទៈថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។ អនុសាសន៍មួយចំនួនរួមមាន៖

១៖ កម្លាំងយុវជន គឺជាកម្លាំងសកម្មរបស់សង្គមជាតិ ដែការលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរឲ្យបានត្រឹមត្រូវ ហ្មត់ចត់ តាមរយៈការផ្ទេរមរតកពីអ្នកជំនាន់មុន ឲ្យអ្នកបន្តវេន ហើយអាចទទួលយកបានដោយមោទនភាព។ ជារួមទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ត្រូវធ្វើការឲ្យស៊ីចង្វាក់គ្នា ទាំងការផ្ទេរ និងការទទួលយក សំដៅរួមគ្នាថែរក្សា ការពារអត្តសញ្ញាណវប្បធម៌ជាតិ ឲ្យបានគង់វង្សស្ថិតស្ថេរជាអមតៈ។

២៖ រៀងរាល់មហោស្រពសិល្បៈនីមួយៗ ត្រូវចេះចម្រាញ់យកទាំងខ្លឹមសារ និងរូបភាព ដ៏សម្បូរបែបមកបង្ហាញឲ្យមានភាពទាក់ទាញ និងសមស្របតាមបរិការណ៍សង្គម ដោយឈរលើមូលដ្ឋានអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស ពោល គឺរក្សាចាស់បង្កើតថ្មី ប៉ុន្តែថ្មីត្រូវបំពាក់ដោយអត្តសញ្ញាណជាតិ។

៣៖ ជនជាតិកម្ពុជា ជាពូជអ្នកកសាង ជាពូជអ្នកច្នៃប្រឌិតបង្កើតថ្មី ពិសេសការបង្កើតស្នាដៃថ្មី ដែលជាស្នាដៃរបស់ខ្មែរផ្ទាល់ ចៀសវាងការលួចចម្លងទាំងដុលពីបរទេស ដែលជាភាពអាប់ឱនប៉ះពាល់ដល់កិត្យានុភាពជាតិ។ ម្យ៉ាងទៀត បរិស្ថានវប្បធម៌ក្នុងចរន្តសកលភាវូបនីយកម្មក្នុងសម័យបច្ចុប្បន្ន ដែលកំពុងហូរចូលយ៉ាងគំហុកពីគ្រប់ទិសទីអាចជះឥទ្ធិពលអវិជ្ជមានមកលើស្រទាប់យុវវ័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់។

៤៖ ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវឲ្យបានទូលំទូលាយ ស៊ីជម្រៅអំពីវប្បធម៌នានានៅកម្ពុជា ពិសេសវប្បធម៌ជនជាតិភាគតិច ដើម្បីប្រមូលចងក្រងទុកជាសម្បត្តិវប្បធម៌មួយរបស់កម្ពុជា ឲ្យស័ក្តិសមជា «ព្រះរាជាណាចក្រ នៃវប្បធម៌» ជាសួនច្បារចម្រុះពណ៌។

៥៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវផ្សព្វផ្សាយ និងបង្ហាញខ្លឹមសារអំពីការងារវប្បធម៌ កាលបរិច្ឆេទនានា ដូចជា ទិវាវប្បធម៌ កាលបរិច្ឆេទនៃការបញ្ចូលរមណីយដ្ឋានតំបន់អង្គរ ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង...ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមរយៈបណ្តាញសារព័ត៌មាន និង ប្រតិទិនជាដើម។

៦៖ ក្រសួងគួរពិនិត្យលទ្ធភាព ដើម្បីរៀបចំការផលិតផ្សព្វផ្សាយនូវតន្រ្តី និងចម្រៀងវប្បធម៌ ដែលមានចរិតស្នេហាជាតិ ស្នេហាទឹកដីព្រៃព្រឹក្សា ធម្មជាតិខ្មែរ ប្រទេសខ្មែរ និងភាពល្អប្រសើរនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ។ល។ ដើម្បីអប់រំស្មារតីកូនខ្មែរឲ្យចេះស្រឡាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ជាតិ និងស្មារតីពលីកម្មក្នុងការថែរក្សា ការពារជាតិមាតុភូមិ៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ​ ហ៊ុន សែន៖