(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងជំរុញ និងអំពាវនាវឲ្យកូនខ្មែរ ខិតខំប្រឹងប្រែង ព្យាយាមបង្កើតស្នាដៃថ្មី ជាស្នាដៃរបស់ខ្មែរ ជៀសវាងការលួចចម្លងដុលពីបរទេស ដើម្បីការពារ ការប្តឹងផ្តល់ពីបរទេស នាំឲ្យអាប់ឱនកិត្យានុភាពរបស់ខ្មែរ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើង​នៅសាលមហោស្រពចតុមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ជនជាតិកម្ពុជាជាពូជអ្នកកសាង ជាពូជអ្នកច្នៃប្រឌិត បង្កើតថ្មី ក្នុងទំរង់រចនាបទថ្មីរបស់ខ្មែរ ហេតុនេះយើងត្រូវខិតខំបណ្តុះនូវពូជនេះ ឲ្យបានរីកសាយភាយ កាន់តែរីកចម្រើនឡើង ពិសេសការបង្កើតស្នាដៃថ្មី ដែលជាស្នាដៃរបស់ខ្មែរ យើងផ្ទាល់ ជៀសវាងការលួចចម្លង ទាំងដុលពីបរទេស ដែលជាភាពអាប់ឱន ប៉ះពាល់កិត្យានុភាពជាតិ»

សម្តេចតេជោ បានថ្លែងគាំទ្រឲ្យមានការបង្កើតថ្មីនូវស្នាដៃថ្មី ប៉ុន្តែការវិវត្តន៍ថ្មី ទាំងអស់នោះ ត្រូវតែបញ្ជាក់នូវអត្តសញ្ញាណជាតិ ដើម្បីធានាបាននូវ កម្មសិទ្ធិបញ្ញា ជៀសវាងនូវការប្តឹងពីក្រៅប្រទេស៕

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖