(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងស្នើឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវដាក់បញ្ចូលកាលបរិច្ឆេទ នៃការដាក់បញ្ចូលសម្បត្តិ វប្បធម៌ខ្មែរទាំងរូបិយ និងអរូបិយក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅតាមប្រតិទិន ក៏ដូចជាសៀវភៅផ្សេងៗ ដើម្បីឲ្យកូនខ្មែរ បានចាំនូវកាលបរិច្ឆេទ នៃការដាក់សម្បត្តិវប្បធម៌ខ្មែរជាសម្បត្តិវប្បធម៌ មនុស្សជាតិលើពិភពលោក។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើងនៅសាលមហោស្រពចតុមុខ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យើងត្រូវសហការគ្នាជាចង្កោម គ្រាន់តែយើងបោះប្រតិទិន ព្រោះមានផ្នែកជាច្រើនដែលត្រូវបោះ នៅគ្រប់ក្រសួង ឬក៏ក្រុមហ៊ុនខ្លះ យើងគប្បីសហការគ្នា ដើម្បីឲ្យពលរដ្ឋរបស់យើង បានចងចាំ (កាលបរិច្ឆេទដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌ)។ អ្នកខ្លះចាំហើយប៉ុន្តែវាភ្លេច!»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការដាក់បញ្ចូលកាលបរិច្ឆេទនៅលើប្រតិទិន និងសៀវភៅសិក្សា នឹងជួយបង្កើនការចងចាំដល់ប្រជាជន និងសិក្សានុសិស្សផងដែរ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖