(ភ្នំពេញ)៖ ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន និងលើកស្ទួយផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ដើម្បីរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២។
ពិធីចុះអនុស្សរណៈយោគយល់នេះ បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា មន្ត្រីរាជការ និងនិស្សិតប្រមាណ ៥០០នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានហៅយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី២ថា ជាកម្លាំងចលករ ដើម្បីបំផុស និងដាស់ស្មារតីមហាជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ឲ្យយល់ច្បាស់ពីគុណតម្លៃនៃការគាំទ្រផលិតផលក្នុងស្រុក ចំពោះការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។
«យុទ្ធនាការនេះ នឹងរួមចំណែកផ្តល់កម្លាំងចិត្តបងប្អូនផលិតករ និងពាណិជ្ជករខ្មែរធ្វើការពង្រឹងគុណភាព និងសោភណភាពផលិត ផលរបស់ខ្លួន ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ សំដៅប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
គួររំលឹកដែរថា យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី១ ត្រូវបានរៀបចំឡើងដោយជោគជ័យកាលពីក្នុងឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា។ ក្រោយយុទ្ធនាការនេះ គេសង្កេតឃើញផលិតផលខ្មែរភាគច្រើនចាប់ផ្តើមរីកដុះដាល និងបង្ហាញវត្តមានលើផ្សារក្នុងស្រុក និងផ្សារទំនើបទូ។ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី២នេះ ក៏នឹងជួយជំរុញផលិតផលខ្មែរនៅលើទីផ្សារ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ ទៅលើប្រព័ន្ធសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជាផងដែរ៕