(ភ្នំពេញ)៖ កម្ពុជាកំពុងរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិមួយចំនួនទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិជាបន្តបន្ទាប់ទៀត នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះ។
សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា ពលរដ្ឋខ្មែរទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារនិង អភិរក្សឲ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍសម្បត្តិវប្បធម៌ទាំងអស់ឲ្យកាន់តែមានជីវិតរស់រវើកថែមទៀត។
សម្តេចបានមានប្រសាសន៍បែបនេះ ធ្វើឡើងខណៈសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីភាពកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើងនៅ សាលមហោស្រពចតុមុខ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បេតិកភណ្ឌអរូប៉ី និងរូបី សុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌ នៃមនុស្សជាតិ ដូចជារមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង ហើយយើង ក៏បាន នឹងកំពុងតែរៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលសម្បត្តិបេតិភណ្ឌវប្បធម៌ជាតិ មួយចំនួនទៀត ក្នុងបញ្ជីបេតិកភណ្ឌលោក ឬបញ្ជីបេតិកភណ្ឌអរូប៉ី នៃមនុស្សជាតិជាបន្តបន្ទាប់ទៀត។ ដូចនេះយើងត្រូវយកខិត្តទុកដាក់ មិនត្រឹមតែការពារនោះទេ តែត្រូវអភិរក្សឲ្យកាន់តែគង់វង្ស ប៉ុន្តែថែមទាំងត្រូវរួមគ្នា បន្តលើកតម្កើន និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ទាំងអស់នោះឲ្យកាន់តែមានជីវិតរស់រវើកថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងបានផ្តល់អាទិភាពខ្ពស់លើការងារ វប្បធម៌ ដោយចាត់ទុកថា វប្បធម៌គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរ ដែលមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំង ជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សារសង្គម ធ្វើឲ្យប្រជាជនខ្មែរចេះរួមរស់ ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើង។ តាមរយៈនេះវិស័យវប្បធម៌ជាតិបានរីកសាយទៅគ្រប់តំបន់ និងរីកចម្រើនឡើងជាលំដាប់។
ប្រមុខរាជរដ្ឋាភិបាល បានបន្តថា សម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ខ្មែរ ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលជា បេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖