(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងសាងសង់សាកលវិទ្យាល័យវិចិត្រសិល្បៈដ៏ស្អាតមួយនៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ជាមួយតម្លៃជំហានដំបូង ប្រមាណ១២លានដុល្លារ លើផ្ទៃដីប្រមាណ៣ហិចតា ដែលបានពីការផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការសាងសង់គម្រោងនេះឲ្យបានឆាប់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ធ្វើឡើងខណៈសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើងនៅសាលមហោស្រពចតុមុខ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «រយៈពេលកន្លងទៅនេះ ខ្ញុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ជាមួយលោកជំទាវ ភឿ សកុណា ក៏បានគិតគូរថា នឹងរៀបចំសាកលវិទ្យាល័យថ្មីមួយ នៅលើទឹកដីទំហំ៣ហិចតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារថ្មីនេះ ជាមួយទឹកប្រាក់ ជំហានដំបូង ១២លានដុល្លារសហរដ្ឋអាមេរិក ហើយបូកទាំងដីមជ្ឈមណ្ឌលវប្បធម៌ គឺសរុបដី៤ហិចតាអាលូវសំខាន់គឺការរៀបចំធ្វើយ៉ាងណា ដើម្បីចេញដំណើរទឹកប្រាក់១២លានដុល្លារនេះឲ្យបាន ឆាប់តាមដែលអាចធ្វើបាន យើងត្រូវធ្វើគម្រោង មួយជំហានម្តង មួយជំហានម្តងដើម្បីរុញ គម្រោងនេះឲ្យវាទៅមុខ។ យើងត្រូវធ្វើសាកលវិទ្យាល័យវិចិត្រសិល្បៈឲ្យស្អាតនៅក្នុងដំណាក់កាលនេះ។ ប៉ុន្តែផ្ទៃដី៣ហិចតាបង្កើតសាកលវិទ្យាល័យ គឺជាជំហានដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនលើទឹកប្រាក់១២លានដុល្លារដើម្បីសាងសង់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ខ្លាំងណាស់ ហើយសម្តេចក៏ធ្លាប់បានក្រើនរំលឹកដល់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ថា ប្រយ័ត្នដាច់ពូជ អ្នកចេះដឹង ផ្នែកវប្បធម៌។
សម្តេចតេជោ បានចង្អុលបង្ហាញថា ពលរដ្ឋខ្មែរទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារនិងអភិរក្សឲ្យបាន គង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍសម្បត្តិវប្បធម៌ទាំងអស់ឲ្យ កាន់តែមានជីវិតរស់រវើកថែមទៀត៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖