(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានហាមប្រាមដល់អាជ្ញាធរសង្កាត់-ភូមិ ក្នុងមូលដ្ឋានទាំងអស់ ដាច់ខាតមិនត្រូវចុះហត្ថលេខាបញ្ជាក់ លើលិខិតរបស់ធនាគារមីក្រូហិរញ្ញវត្ថុ យកទៅរឹបអូសដីធ្លី និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋឲ្យសោះ ព្រោះអាចធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទីជម្រក។
លោក ជា ពិសី បានលើកឡើងថា តាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា គឺជារបស់ឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋឡើយ។
ការហាមប្រាមដាច់ខាតបែបនេះ ត្រូវបានលោក ជា ពិសី លើកឡើងក្នុងឱកាសនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាងាយរងគ្រោះ ចំនួន១២៥គ្រួសារ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧នេះ ក្នុងវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពី លោកស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ អភិបាលរងខណ្ឌ ព្រមទាំងលោកចៅសង្កាត់-ចៅសង្កាត់រង ក្រុមយុជន ស.ស.យ.ក និងយុវជន អ.ម.ត ជាច្រើននាក់ផងដែរ។
ក្នុងសកម្មភាពមនុស្សធម៌នេះដែរ លោក ជា ពិសី បានថ្លែងថា អំណោយដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នាពេលនេះ មានចំនួន១២៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលដោះស្រាយបញ្ហាការ ខ្វះខាតផ្សេងៗ តាមគ្រួសារនីមួយៗ បានមួយចំនួនផងដែរ ពិសេសម្ដេចទាំង២ តែងតែគិតគូ និងផ្ដាំផ្ញើសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋក្រីក្រជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរឡើយ ឲ្យតែជាប្រជាពលរដ្ឋ រស់នៅលើទឹកដីកម្ពុជា។
លោក ជា ពិសី បានថ្លែងទៀតថា «សូមប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង ហើយត្រូវសម្រេចចិត្តបោះជ្រើសរើស ឲ្យបានច្បាស់លាស់ ជៀសវាងការវិលត្រឡប់ទៅរកសង្គ្រាមវិញ ហើយបោះដើម្បីយើងទទួលបានទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន»៕