(រតនគិរី)៖ សាលាខេត្តរតនគិរីនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក្នុងបំណងលើកកម្ពស់សិទ្ធិនារីនៅក្នុងខេត្តរតនគិរី។

ពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីស្ត្រីគ្រប់ជនជាតិជាង ៤០០នាក់។

លោក ថង សាវុន បានថ្លែងថា ក្នុងសង្គមខ្មែរស្រ្តី ត្រូវបានផ្តល់តម្លៃតាំងពីបុរាណកាលមកម្ល៉េះ រហូតដល់ខ្មែរបានជ្រើសយកពាក្យ «មេ» មកប្រើសម្រាប់អ្នកមានតួនាទីដឹកនាំតាមស្ថាប័ន ឬអង្គភាពនានា។ លោក ថង សាវុន បានសម្តែងការគាំទ្រចំពោះប្រធានបទដែលបានលើកឡើងនាឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំងពីការចូលរួមដោយមិនអាចខ្វះបានពីស្ត្រីទាំងក្នុងកិច្ចការងារកសាងប្រទេសជាតិ និងគ្រួសារ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន និងសូមឲ្យមាតាបិតា អាណាព្យាបាល ចូលរួមណែនាំ អប់រំ ទប់ស្កាត់កូនចៅកុំឲ្យប្រើប្រាស់គ្រឿងញៀន៕