(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ លោក សុខ ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សរុបប្រមាណ១២០នាក់។
កិច្ចប្រជុំបានពិនិត្យ និងឆ្លុះបញ្ចាំងទៅលើលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ កន្លងមក អំពីបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋាន ក្រុងស្រុកទាំង ០៨នៃខេត្តកំពង់ធំ និងការដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ឲ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំបានពិភាក្សា និងផ្តោតទៅលើរបៀបវារៈសំខាន់ៗ ដូចជា ផែនការសកម្មភាពចុះឆ្លៀលដីនៅតំបន់៣ និងតំបន់២ សម្រាប់ប្រជាពលរដ្ឋ អាស្រ័យផល ផែនការសកម្មភាពចុះពិនិត្យ និងដោះស្រាយដីនៅតំបន់អភិរក្សសត្វខ្សឹប ផែនការសកម្មភាពចុះបង្ក្រាបបទល្មើសជលផល បទល្មើស ព្រៃឈើ ផែនការសកម្មភាពចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការរៀបចំគ្រប់គ្រងផ្សារនៅតាមក្រុង-ស្រុកឲ្យបានល្អ។
លោកប្រធានអង្គប្រជុំបានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ បន្តចុះធ្វើការពន្យល់បកស្រាយ ជូនប្រជាពលរដ្ឋមូលដ្ឋានឲ្យបានយល់កាន់តែច្បាស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននានា គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ ហើយអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ មិនត្រូវចូលរួមរាល់សកម្មភាពរបស់ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននានា ក្នុងការទារប្រាក់ ឬការរឹបអូសទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ។
ប្រធានអង្គប្រជុំបានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះធ្វើការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តសារាចរ គោលនយោបាយ និងគោលការណ៍ថ្មីៗទាំងឡាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបម្រើដល់ផលប្រយោជន៍ និងតម្រូវការរបស់ ប្រជាពលរដ្ឋមូលដ្ឋានដូចជា ការឥតគិតថ្លៃចំពោះសេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ គោលនយោបាយបញ្ចុះតម្លៃអគ្គីសនី និងការតបណ្តាញអគ្គីសនីដល់គ្រប់ភូមិដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការធានាអោយអាជីវករលក់ដូរតាមផ្សារអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិ។
ប្រធានអង្គប្រជុំក៏បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត ក្រុងស្រុក ឃុំសង្កាត់ បន្តយកចិត្តទុកដាក់គិតគូរ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសទាក់ទងនឹងការបង្កបង្កើនផល ការដោះស្រាយប្រព័ន្ធធារាសាស្ត្រ (ទំនប់ អាងទឹក ប្រឡាយទឹក ទ្វារទឹក) ការកសាង និងជួសជុលផ្លូវលំនៅតាមភូមិ ជនបទ ការសាងសង់សាលារៀន មណ្ឌលសុខភាព (ក្នុងករណីដែលខ្វះខាត និងចាំបាច់បំផុត) ការផ្គត់ផ្គង់អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំគ្រប់គ្រងផ្សារអោយបានល្អ ការផ្តល់សេវាសាធារណៈ (សេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តីជាប្រមុខ៕