(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា នគរបាលជានារីបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ការថ្លែងដូច្នេះធ្វើឡើងគ្រាដែល នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង អញ្ជើញជាអធិបតី ក្នុងមិទ្ទិញទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៦ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នេះ នៅអគ្គស្នងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរដល់ក្រុមការងារយ៉េនឌ័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលនារីទាំងអស់ ដែលរយៈពេលកន្លង មកបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរក្នុងនាមជាកងកម្លាំងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនសង្គមជាតិ។ ទន្ទឹមនឹងការខិតខំបំពេញភារកិច្ចរបស់ខ្លួនហើយនោះ នគរបាលនារីក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាភរិយា ជាមេផ្ទះ មើលថែរក្សាកូនចៅ និងទុកដាក់ទ្រព្យសម្បត្តិផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានស្នើឲ្យនគរបាលនារី ខិតខំបំពេញការងារ និងចូលរួមការបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីពង្រឹងសមត្ថភាព ព្រោះថាបច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្រ្តី និងបុរសមានសិទ្ធស្មើគ្នា មានលទ្ធភាព សមត្ថភាព ធ្វើការងារដូចគ្នា។ ជាមួយគ្នានេះប្រធាននាយកដ្ឋាន អង្គភាព ស្នងការរាជធានី-ខេត្ត ទាំងអស់ត្រូវលើកទឹកចិត្ត នគរបាលនារីដែលមានស្នាដៃល្អក្នុងការបំពេញការងារ តាមរយៈការផ្តល់មេដាយ ប័ណ្ណសរសើរ តំឡើងឋានន្តរសក្តិ តួនាទីជាដើម។
ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់នគរបាលនារីទាំងអស់ ឲ្យជួបតែសុភមង្គល និងសុខភាពល្អ ដើម្បីបន្តចូលរួមចំណែកក្នុងការ ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យកាន់តែប្រសើរថែមទៀត។
ក្នុងឱកាសអបអរសាទរមិទ្ទិញទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៦ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង បានផ្តល់ថវិកាដល់នគរបាលនារី ចំនួន១៥១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍ម្នាក់មួយផងដែរ៕