(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទស្តីពី «ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព»។
នាឱកាសនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង និងនាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូប ព្រមទាំងកងរាជអាវុធហត្ថនារី ចំនួន៨៩រូប បានអញ្ជើញចូលរួមផងដែរ។
ដូចជារៀងរាល់ឆ្នាំដែរ កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីនេះ ដើម្បីជាការចូលរួមចំណែកអបអរសាទរ ទិវាជាប្រវត្តិសាស្ត្រ ដែលនារីទូទាំងសកលលោក ក៏ដូចជានារីទូទាំងប្រទេសកម្ពុជា ដោយឡែកនាពេលនេះ នារីនៅក្នុងកងរាជអាវុធហត្ថ កំពុងមានក្តីសោមនស្សរីករាយអបអរសាទរទិវានេះផងដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាដល់កម្លាំងអាវុធហត្ថទាំង៨៩នាក់ខាងលើ ក្នុងម្នាក់ទទួលបាន ២០ម៉ឺនរៀល សរុបចំនួន ១៧,៨០០,០០០រៀល និងបានរៀបចំពិសារអាហារមួយពេល នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ៕