(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាព កម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើងនៅសាលមហោស្រពចតុមុខ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារៈសំខាន់របស់ជាតិ ដែលត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ក្នុងន័យបំផុសមនសិការ និងស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបរបស់ខ្មែរឲ្យជ្រាបចូលក្នុងស្រទាប់ ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសយុវជន ដែលជាអ្នកបន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ។
* សម្តេចតេជោ បានថ្លែងទៀតថា ការប្រារព្ធទិវានេះ គឺជាចលករមួយជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនជនរួមជាតិ រួមគ្នាផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិ បង្កើនការចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ចែងឲ្យការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ចាប់ពីពេលនេះទៅ ត្រូវរៀបចំក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» តែមួយបានហើយ មិនចាំបាច់ទៅយកប្រធានបទថ្មីនោះទេ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបង្ហាញជំនឿចិត្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរិះរកនូវគ្រប់វិធីសាស្រ្តបញ្ចូលចំណេះដឹងស្តីពីសិល្បៈវប្បធម៌ ទៅក្នុងកម្មវិធីសិក្សាឲ្យជ្រាបចូលដល់ស្រទាប់យុវជន ដែលជាកម្លាំងសកម្មរបស់សង្គម ជាអ្នកបន្តវេន មានស្មារតីស្រឡាញ់ និងដក់ជាប់ក្នុងអារម្មណ៍ ក្នុងន័យ «អប់រំដើម្បីវប្បធម៌» និង «វប្បធម៌ដើម្បីអប់រំ»។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងបានផ្តល់អាទិភាពខ្ពស់លើការងារវប្បធម៌ ដោយចាត់ ទុកថា វប្បធម៌គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរ ដែលមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សារសង្គម ធ្វើឲ្យប្រជាជនខ្មែរចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើង។ តាមរយៈនេះវិស័យវប្បធម៌ជាតិបានរីកសាយទៅគ្រប់តំបន់ និងរីកចម្រើនឡើងជាលំដាប់។
* ប្រមុខរាជរដ្ឋាភិបាល បានបន្តថា សម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ខ្មែរ ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដូចជារមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង។
* សម្តេចបានឲ្យដឹងដែរថា កម្ពុជាកំពុងរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិមួយចំនួនទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬ បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាបន្តបន្ទាប់ទៀត។
* សម្តេចតេជោ បានចង្អុលបង្ហាញថា ពលរដ្ឋខ្មែរទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារ និង អភិរក្សឲ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍសម្បត្តិវប្បធម៌ទាំងអស់ឲ្យកាន់តែមានជីវិតរស់រវើកថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៣ ដែលបានសម្រិតសម្រាំង ជ្រើសរើសបានក្រុមសិល្បៈវប្បធម៌ជាតិពីសំណាក់យុវសិស្ស និស្សិត ប្រកបដោយស្មារតីស្រឡាញ់ រួមគ្នាថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌របស់ជាតិ។
* សម្តេចតេជោ បានហៅលទ្ធផលមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៣ មានអត្ថន័យមិនត្រឹមតែជាការផ្តល់នូវពានរង្វាន់ ជូនជយលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវការខិតខំអភិរក្ស និង បង្កើតស្នាដៃថ្មីៗ នៃទម្រង់សិល្បៈរបាំ និងឈុតល្ខោនអប់រំតាមវប្បធម៌ខ្មែរថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងសាងសង់សាលាវិចិត្រសិល្បៈដ៏ស្អាតមួយនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ជាមួយតម្លៃជំហ៊ានដំបូងប្រមាណ ១២លានដុល្លារ លើផ្ទៃដីប្រមាណ ៣ហិកតា។ សម្តេចតេជោ បានជំរុញឲ្យគម្រោងសាងសង់នេះ ឲ្យបានឆាប់បំផុត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ខ្លាំងណាស់ ហើយសម្តេចក៏ធ្លាប់បានក្រើនរំលឹកដល់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ថា ប្រយ័ត្នដាច់ពូជអ្នកចេះដឹងផ្នែកវប្បធម៌។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឲ្យមានការអភិវឌ្ឍន៍ស្នាដៃថ្មីៗ តែត្រូវតែបញ្ចូលនូវអត្តសញ្ញាណជាតិដើម្បីចៀសវាងការចោទប្រកាន់ពី បរទេសថា លួចស្នាដៃរបស់គេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងសុំកុំឲ្យមានការចម្លងស្នាដៃសិល្បៈពីបរទេសទាំងស្រុង ដែលជាការនាំឲ្យប៉ះពាល់ និងអ័ព្ទឱនដល់កិត្យានុភាពជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងពាក់ព័ន្ធត្រូវដាក់បញ្ចូលកាលបរិច្ឆេទ នៃការដាក់បញ្ចូលសម្បត្តិវប្បធម៌ខ្មែរទាំងរូបិយ និងអរូបិយក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅតាមប្រតិទិន ក៏ដូចជាសៀវភៅផ្សេងៗ ដើម្បីឲ្យកូនខ្មែរ បានចាំនូវកាលបរិច្ឆេទ នៃការដាក់សម្បត្តិវប្បធម៌ខ្មែរ ជាសម្បត្តិវប្បធម៌មនុស្សជាតិលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់យុវវ័យសម័យថ្មី ដែលប្រឡងចម្រៀងទាំងបទសម័យ និងបុរាណ បើទោះមានសំឡេងល្អ ហើយនោះ ត្រូវចេះអភិវឌ្ឍន៍ខ្លួនឲ្យចេះច្រើនទម្រង់ ពោលត្រូវចេះតែបទប្រពៃណី និងសម័យ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នវិបត្តិអាចារ្យត្រូវបានដោះស្រាយហើយ បន្ទាប់ពីសម្តេចបានដាក់ចេញអនុសាសន៍ ឲ្យមានការបណ្តុះបណ្តាលអាចារ្យបន្ថែម ហើយអាចារ្យដែលត្រូវប៉ាន់ច្រើនជាងគេ គឺអាចារ្យចេះគ្រប់មុខ។
* សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចប្រើទូរស័ព្ទ៧ និង iPad២គ្រឿង, ក្នុងទូរស័ព្ទនេះសម្តេចក៏បានរក្សាទុកចម្រៀងចាប៉ីរបស់លោកតា គង់ ណៃ ទុកស្តាប់ផងដែរ។
* សម្តេចតេជោ រំលឹកថា សម្តេចក៏ជាអ្នកមានជំនាញផ្នែកល្ខោននិយាយផងដែរ ដែលក្នុងនោះទាំងការនិពន្ធ និងការសម្តែង គឺសម្តេចធ្វើតែម្នាក់ឯងប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំពោះការលេងភ្លេង និងចងក្រវ៉ាត់ករ គឺសម្តេចមិនចេះនោះទេ។
* សម្តេចតេជោ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចបាន និងលើកទឹកចិត្តចំពោះមរតកមនុស្សរស់ សិល្បករចាស់ទុំជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជាមន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរឲ្យបានស្ថិតស្ថេរគង់វង្ស។
* សម្តេចនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរបស់រាជធានី ខេត្ត រួមជាមួយក្រុមសិល្បៈយុវជនថ្នាក់មធ្យមសិក្សា មកពីរាជធានីខេត្តទាំង ២៥ និងក្រុមសិល្បៈយុវជនថ្នាក់ឧត្តមសិក្សាមកពីសាកលវិទ្យាល័យទាំង ១២ ក្នុងរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំលើការអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៥៖២៤នាទីរសៀលថ្ងៃដដែល៕