(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើង ដែលត្រូវបានដោះលែងនៅក្នុងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានបណ្ដេញចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះទៅកាន់ទីក្រុងព្យុងយ៉ា ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកាន់ប្រទេសអាស៊ានមួយនេះសាជាថ្មីនោះទេ។ នេះបើតាមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «គាត់ (ជនសង្ស័យឈ្មោះ Ri Jong Chol) មិនបានបម្រើការងារនៅក្នុងក្រុមហ៊ុន ដូចដែលគាត់បានអះអាងនោះទេ ព្រមទំាងបានធ្វើសកម្មភាពដែលម៉ាឡេស៊ីមិនអាចទទួលយកបាន»។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក Ahmad ក៏បានបញ្ជាក់ដែរថា អាជ្ញាធរម៉ាឡេស៊ីនឹងធ្វើការស៊ើបអង្កេត លើក្រុមហ៊ុនកូរ៉េខាងជើងឈ្មោះ Glocom ដែលត្រូវបានគេរាយការណ៍ថា បាននិងកំពុងធ្វើអាជីវកម្មអាវុធ នៅក្នុងប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថាជនសង្ស័យ Ri Jong Chol ត្រូវបានគេបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍ ដើម្បីត្រៀមចាកចេញពីម៉ាឡេស៊ី បន្ទាប់ពីអាជ្ញាធរមិនមានភស្ដុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើរូបគេ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក គីម ជុងណាំ៕