(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍​ខេត្ត រួមជាមួយ​ដៃគូ​ពាក់ព័ន្ធ មានអង្គការ GIZ របស់អាល្លឺម៉ង់ បានមូល​មតិគ្នាដាក់ផែនការ រៀបចំផែនទី និងព័ត៌មានស្ដីពី រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ ដើម្បីផ្ដល់ភាព​ងាយស្រួល ដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ នៅតំបន់ទេសចរណ៍ជាច្រើន ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ផែនការរៀបចំផែនទី និងព័ត៌មានស្ដីពី រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍នេះ ត្រូវបានលើកឡើង​ដោយ លោកស្រី អេង សាលត ទីប្រឹក្សាបច្ចេកទេសកម្ម វិធីអភិវឌ្ឍសេដ្ឋកិច្ចតំបន់ នៃអង្គការ GIZ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លើការពង្រឹងគុណភាពសេវាកម្ម នៅតាមរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជូនដល់គណៈកម្មការ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ រួមនិងអាជ្ញាធរពាក់ព័ន្ធ។

កិច្ចប្រជុំនេះ បានរៀបចំនៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងអធិបតីភាព​របស់ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងវត្តមានរបស់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមនិងមន្ត្រីជំនាញមកពី មន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរ ក្រុមហ៊ុន សហគមន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ សរុប៦០រូប។

ផែនការនានានៅក្នុងកិច្ចប្រជុំនេះ គឺធ្វើឡើងយោងទៅតាមភាពចាំបាច់ និងដើម្បីពង្រឹងគុណភាពសេវាកម្ម នៅតាមរមណីយ​ដ្ឋានធម្មជាតិ និងសហគមន៍ទេសចរណ៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងយោងតាមសេចក្ដីប្រកាសស្ដីពី ស្ដង់ដារអប្បបរមា សម្រាប់រមណីយដ្ឋានទេសចរណ៍ និងឈានឆ្ពោះ ក្នុងការចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ដែលបានដាក់ចេញ ដោយក្រសួងទេសចរណ៍។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ នៅខេត្តសៀមរាប គឺមាននៅតំបន់​ទន្លេសាបចុងឃ្នៀស និងភ្នំក្រោម សមាគមសហគមន៍ ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង សហគមន៍ទេសចរណ៍​ធម្មជាតិ​មេជ្រៃ កំពង់ភ្លុក កំពង់ឃ្លាំង ចុងឃ្នៀស សហគមន៍ទេសចរណ៍ធម្មជាតិ-កែច្នៃ ត្រាវកុដិ សហគមន៍ទេសចរណ៍ បារាយណ៍ទឹក​ថ្លា ខ្នារពោធិ៍ ចាន់សរជើង ចង្ក្រានរយ ពើងតានាន់ សហគមន៍ភូមិទេសចរណ៍ រុនតាឯក សហគមន៍ទេសចរណ៍ ភូមិវប្បធម៌​កម្ពុជា ឧទ្យានជាតិភ្នំគូលេន ជាដើម។

លោកស្រី អេង សាលត ទីប្រឹក្សាបច្ចេកទេសកម្មវិធី អភិវឌ្ឍសេដ្ឋកិច្ចតំបន់ នៃអង្គការ GIZ បានឲ្យដឹងថា «ខាងអង្គការ GIZ នឹងបន្តសហការជាមួយមន្ទីរទេសចរណ៍ និងស្ថាប័ន អង្គភាព ដែលជាប់ពាក់ព័ន្ធ ក្នុងការរៀបចំផែនទី និងព័ត៌មានស្ដីពី រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍» និងការចូលរួមក្នុងការពង្រឹងសមត្ថភាព និងការអភិវឌ្ឍ​ធនធានមនុស្ស ដល់គណៈកម្មការ និងអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ផងដែរ។

លោកអភិបាលរងខេត្ត ពៅ ពិសិដ្ឋ បានបន្តថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ទទួលស្គាល់ថា «ជាមាសបៃតង» ជាផ្នែកសំខាន់នៃសេដ្ឋកិច្ចបៃតង ដែលនាំចំណូលទៅក្នុងចរន្ដសេដ្ឋកិច្ចជាតិ និងបានរួមចំណែកជំរុញ​កំណើនផលិតផលក្នុង​ស្រុកសរុប។

លោក ពៅ ពិសិដ្ឋ បានបន្ថែមថា ការអភិវឌ្ឍទេសចរណ៍របស់ខេត្ត ត្រូវជំរុញអនុវត្តផ្ដោតទៅលើយុទ្ធសាស្ត្រជាអាទិភាព ៦ចំណុច រួមមាន៖ ១.ការងារអភិវឌ្ឍផលិតផលទេសចរណ៍, ២.ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍, ៣.ការតភ្ជាប់ និងសម្របសម្រួលការធ្វើដំណើរដឹកជញ្ជូនភ្ញៀវទេសចរ, ៤.ការងារសន្ដិសុខ សុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកដំណើរ, ៥.ពង្រឹងការអនុវត្តប្រព័ន្ធច្បាប់ និងយន្ដការគ្រប់គ្រងរមណីយដ្ឋានធម្មជាតិ សហគមន៍ទេសចរណ៍ និង៦.ការអភិវឌ្ឍធន​ធានមនុស្ស ទាក់ទងនឹងវិស័យទេសចរណ៍។ ក្នុងនោះ ការរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅតំបន់រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ដែលមានបទពិសោធន៍ មានសក្ដានុពល និងវិសាលភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅក្រៅប្រទេសផងដែរ៕