(ញូដេលី)៖ តំណាងរដ្ឋាភិបាលឥណ្ឌា នឹងជួបជាមួយសម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា ដែលនឹងមកបំពេញដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនជម្លោះ គ្រប់គ្រងដោយប្រទេសឥណ្ឌា ប៉ុន្តែអះអាងអធិបតេយ្យដោយប្រទេសចិន បើទោះបីជាទីក្រុងប៉េកាំងធ្លាប់បានព្រមានជាច្រើនលើកថា កុំឲ្យឥណ្ឌានាំភ្លើងចូលផ្ទះនោះក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពី Reuters នាល្ងាចថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
មន្ត្រីឥណ្ឌាបានបញ្ជាក់ថា សម្តេចសង្ឃនិរទេសខាងលើនេះ នឹងបំពេញទស្សនកិច្ចនៅតំបន់ Arunachal Pradesh ជាប់ព្រំដែនប្រទេសចិននៅខែក្រោយ (ខែមេសា) ខណៈដែលរដ្ឋាភិបាលឥណ្ឌាធ្លាប់អះអាងថា «គ្មានអ្វីអាចបញ្ឈប់សម្តេចសង្ឃប្រកាន់លទ្ធិប្រជាធិបតេយ្យអង្គនេះ នៅក្នុងការមកបំពេញទស្សនកិច្ចតំបន់នានានៅទូទាំងប្រទេសឥណ្ឌានោះឡើយ។»
គួរបញ្ជាក់ថាប្រទេសចិនបានអះអាងអធិបតេយ្យទៅលើតំបន់ភាគខាងកើតភ្នំហិម៉ាល័យ ដែលគេហៅថា «ទីបេខាងត្បូង» ហើយកន្លងមកទីក្រុងប៉េកាំងតែងតែថ្កោលទោស និងរិះគន់មេដឹកនាំបរទេសណាក៏ដោយដែលមកបំពេញទស្សនកិច្ចតំបន់ខាងលើនេះ ក្នុងន័យគាំទ្រដល់ការគ្រប់គ្រងរបស់ប្រទេសឥណ្ឌានោះ។ អ្វីដែលជាបញ្ហារសើបបន្ថែមនោះ គឺវាជាដំណើរទស្សនកិច្ចរបស់ព្រះសង្ឃទីបេ ដែលប្រទេសចិនបានចាត់ចូលក្នុងបញ្ជីខ្មៅ ដែលបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ចិន មិនហ៊ានទទួលព្រះសង្ឃអង្គនេះឡើយ៕