(ភ្នំពេញ)៖ ករណីប្រទះឃើញសពក្មេងស្រីម្នាក់ ដែលត្រូវបានគេសម្លាប់ ហើយទម្លាក់ចូលទន្លេ នៅភូមិចុះកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នោះ ពេលនេះសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យបានហើយ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកឯ កុមារីរងគ្រោះមាន ឈ្មោះ ឌឹម តុលា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ខ នៃសាលាបថមសិក្សាសម្តេចឪ និងស្នាក់នៅជាមួយឪពុកម្តាយកោះដាច់។
តាមដំណើររឿង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣០នាទី ពេលដែលជនរងគ្រោះឈ្មោះ ឌឹម តុលា ដើរមកពីសាលារៀន សំដៅទៅផ្ទះម្នាក់ឯងដល់ចំណុច កើតហេតុក្បាលកោះ ឆ្នេរកំសាន្ត ក្នុងក្រមទី៦ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនសង្ស័យបានហៅជនរងគ្រោះ មកជិះជាមួយ រួចឌុបជនរងគ្រោះ ទៅច្រាំងទន្លេកន្លែងស្ងាត់ ជនសង្ស័យសុំជនរងគ្រោះរួមរក្ស័ជាមួយ ប៉ុន្ដែជនរងគ្រោះមិនព្រម ជនសង្ស័យបានចាប់ក្រៀកអោបជនរងគ្រោះផ្ដួលទៅ លើដីពេលនេះជនរងគ្រោះបានរើបំរាស់រួច ក៏រត់ចេញពីជនសង្ស័យ។
ដោយខ្លាចជនរងគ្រោះទៅនិយាយប្រាប់ ឪពុកម្ដាយ របស់ខ្លួនជនសង្ស័យបានដេញ តាមចាប់ជនរងគ្រោះបាន ចាប់ច្របាច់.ក ជនរងគ្រោះនៅច្រាំងទន្លេ រហូតជនរងគ្រោះសន្លប់ បាត់បង់ស្មារតី បន្ទាប់ជនសង្ស័យបានចាប់អូស ជនរងគ្រោះចូលក្នុងទឹកទន្លេ ហើយចាប់ជ្រមុចទឹកស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចត្រឡប់មកផ្ទះបាត់។
ទើបថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ផងដែរ៕