(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឲ្យ គណៈប្រតិភូវិនិយោទុនចិនមួយក្រុម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ សម្ដេចពញាចក្រី ហេង សំរិន បានពន្យល់ដល់ប្រតិភូចិននោះថា កម្ពុជាសព្វថ្ងៃ មានសុខសន្តិភាព ស្ថិរភាពពេញលេញ ផ្ដល់ភាពកក់ក្ដៅ និងបើកទូលាយដល់វិនិយោគិនចិន។
ជំនួបរវាងសម្ដេច ហេង សំរិន ជាមួយប្រតិភូចិននេះ ធ្វើឡើងនៅភូមិគ្រឹះសម្ដេចផ្ទាល់ ក្នុងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឲ្យប្រតិភូចិន ជម្រាបជូនអំពីគម្រោងវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសណ្ឋាគារ។
សម្តេចបានបញ្ជាក់ថា «កម្ពុជាកំពុងមានសុខសន្តិភាព មានស្ថិរភាព សណ្តាប់ធ្នាប់ពេញបរិបូរណ៍ ជាពិសេសមានបរិយាកាសវិនិយោគល្អ ផ្តល់នូវទំនុកចិត្តខ្ពស់ ដល់វិនិយោគិនគ្រប់ជាតិសាសន៍»។
សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នា ជាយូរយាណាស់មកហើយ ដោយសម្តេចប្រធាន បានហៅប្រទេសចិនថា «ជាមិត្តដ៏ស្មោះត្រង់របស់កម្ពុជា» និងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការបណ្តាក់ទុន ពីសំណាក់វិនិយោគិនចិន។
លោក ឈិន ម៉េង ទីប្រឹក្សារបស់ម្តេចពញាចក្រី ហេង សំរិន បានឲ្យដឹងថា អ្នកវិនិយោគទុនចិនមួយក្រុមនេះ មានជំនាញលើការវិនិយោគ ទៅលើផ្នែកអចលនទ្រព្យ ហេដ្ឋរចនាសម្ព័ន្ធ និងសណ្ឋាគារ ដោយក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំមកហើយ នៅប្រទេសចិន និងមានទ្រព្យសកម្មច្រើនសន្ធឹកសន្ធាប់ ហើយនៅពេលនេះ ពួកគាត់មានបំណងចង់មកបណ្តាក់ទុននៅកម្ពុជា អាស្រ័យដោយបានមើលឃើញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព មានបរិយាកាសវិនិយោគល្អ ពិសេសទំនាក់ទំនងការទូតដ៏ជិតស្និទ្ធ ជាមួយប្រទេសចិន។
ជាការឆ្លើយតប សម្តេច ហេង សំរិន បានស្វាគមន៍រាល់បំណងចង់ មកបណ្តាក់ទុននៅកម្ពុជា របស់ក្រុមហ៊ុនមកពីប្រទេសចិន ក៏ដូចជាមកពីបណ្តាប្រទេសដទៃៗទៀត។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលបានមកសិក្សាពីគម្រោងវិនិយោគនៅកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជាបាន និងកំពុងបើកទូលាយនូវទីផ្សារវិនិយោគ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនជាច្រើន កំពុងបណ្តាក់ទុននៅកម្ពុជា ដែលជាការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅ ចំពោះក្រុមហ៊ុនចិនថ្មីៗ ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជាផងដែរ៕