(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាពយន្ត និងទទួលការផលិតភាពយន្តពីបរទេស «Cambodia Film Commission / CFC» បានប្រកាសពីភាពយន្តខ្មែ៧រឿង ដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងមហោស្រព ដែលខ្លួនរៀបចំ នាខែមិនា ខាងមុខនេះ បន្ទាប់ពីសន្និសីទព័ត៌មាន កាលពីចុងខែមករាកន្លងទៅ។ ក្នុងនោះ គឺមានរឿង៥ ដែល ក្រុមហ៊ុន «ពូព្រហ្ម»បានចាកចាយ មានចំណងជើងរឿងដូចខាងក្រោម៖
-ប៉ុបពីទៅហូលីវូឌ (ដឹកនាំដោយលោក សុខ វិសាល)
-កោះពេជ្រ (ដឹកនាំដោយលោក ជូ ដេវី)
-វិកលចរិត (ដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង)
-ស្នេហ៍ស្វ័យគុណ៤ (ដឹកនាំដោយកញ្ញា សុធា អ៊ីណេស)
-Jailbreak: ការពារឧក្រិដ្ឋជន (ដឹកនាំដោយលោក ជីមី ហែនឌ័រសុន)
លោកស៊ុ ស៊ីថែន អ្នកចាត់ការទូទៅរបស់«ពូព្រហ្ម» បានឲ្យដឹងថា «នេះជាកិត្តិយសធំមួយ ដែលមហោស្រពមួយនេះ បានជ្រើសរើសដែលក្រុមហ៊ុនយើងខ្ញុំ បានចែកចាយកន្លងមក។ ការជ្រើសរើសនេះ សបញ្ជាក់ថា ខ្សែភាពយន្តទាំងនេះ សុទ្ធតែមានគុណភាពស្តង់ដារអន្តរជាតិ»។ លោកបានបន្ថែមថា ក្នុងនាមជាដៃគូឧស្សាហកម្ម (Industrial Partner) របស់មហោស្រពនេះ «ពូព្រហ្ម» បានជួយ ណែនាំរឿងខ្មែរផ្សេងៗទៀត ដែលគួរបញ្ចាំងក្នុងឱកាសដំណាលគ្នា ព្រមទាំងរំពឹងថា នឹងរៀបចំកម្មវិធីមួយចំនួន ដោយប្រមូលផ្តុំសមិទ្ធិកររឿងខាងលើ ជួបជាមួយយុវសមិទ្ធិករ និងអ្នកសេ្នហាភាពយន្ត ដើម្បីដោះដូរបទពិសោធន៍គ្នា ទៅវិញទៅមក។
គួរបញ្ជាក់ដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ២០១៧ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមីនាខាងមុខនេះ។ ទស្សនិកជនអាចចូលរួមទស្សនា ទាំងរឿងខ្នាតវែង ខ្នាតខ្លី ខ្មែរ និងបរទេស ដោយឥតគិតថ្លៃ និងគិតថ្លៃសម្រាប់កន្លែងពិសេស (VIP) នៅតាមរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។ ដោយឡែក ការសម្ពោធនឹងរៀបធ្វើ នៅថ្ងៃទី០៣ មីនា ម៉ោង៥៖៣០នាទីល្ងាច នៅកោះពេជ្រ អមជាមួយការសម្តែងតន្ត្រី និងចាក់បញ្ចាំងខ្សែភាពយន្ត១រឿងផងដែរ។
ចុះប្រិយមិត្តវិញ បានទស្សនារឿងណាខ្លះហើយឬនៅ ហើយគិតថា ចង់ទស្សនារឿងណាខ្លះឡើងវិញ?