Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសតែងតាំងប្រធានសាលាដំបូងខេត្តកោះកុងថ្មី នៅរសៀលនេះ

03-03-2017 16:18

(កោះកុង)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និង ចូលកាន់តំណែងប្រធានសាលាដំបូងខេត្តកោះកុង បន្ទាប់ពីមានព្រះរាជក្រឹត្យតែងតាំង លោក មីន មករា ជាប្រធានតុលាការខេត្តកោះកុងជំនួស លោក ហួន ម៉ានី ដែលបានចូលនិវត្តន៍ នារសៀល ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងបរិវេណសាលាដំបូងខេត្តកោះកុង។

ក្នុងពិធីនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយស យ៉ាងច្រើនពីសំណាក់ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំសាលាខេត្តកោះកុង ថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថខេត្ត តំណាងប្រធានមន្ទីរនានានៃខេត្តកោះកុង ចៅក្រម ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង លេខាធិការដ្ឋានរដ្ឋបាលតុលាការ និងក្រឡាបញ្ជីនៃសាលាដំបូងខេត្តកោះកុង និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរ ចំពោះ លោក ហួន ម៉ានី អតីប្រធានសាលាដំបូងខេត្តកោះកុង អំពីប្រសិទ្ធភាពការងារ សមិទ្ធិផលនិងកិត្តិយស ដែលលោកបានបន្សល់ទុក សម្រាប់សាលាដំបូង និង ប្រជាពលរដ្ឋខេត្តកោះកុងទាំងមូល។

រដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឲ្យ លោកប្រធានថ្មី នៃសាលាដំបូងខេត្តកោះកុង និងមន្ត្រីតុលាការទាំងអស់ ឲ្យប្រកាន់ភ្ជាប់ នូវសីលធម៌ ជាចៅក្រម បង្កើនសមត្ថភាពវិជ្ជាជីវៈផ្ទាល់ខ្លួន សហការណ៍ឲ្យបានល្អជាមួយស្ថាប័នដែលពាក់ព័ន្ធ និងជាពិសេសខិតខំផ្តល់ សេវាយុត្តិធម៌ ឲ្យបានកាន់តែល្អជូនប្រជាពលរដ្ឋកម្ពុជា។

រដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានា បានបំពាក់គ្រឿងឥស្សរិយស ជូនអតីតប្រធាន អនុប្រធាន ព្រះរាជអាជ្ញារង ដែលចូលនិវត្តន៍ និងមន្ត្រីតុលាការជាច្រើនរូបទៀតដែលមានស្នាដៃល្អក្នុងវិស័យយុត្តិធម៌ក្នុងខេត្តកោះកុង៕