(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក និងដែលចែកចាយផលិតផលសាប៊ូកក់សក់ក្លៀរ (CLEAR)ផង បានបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយគាំទ្រ និង លើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាដោយបានបន្តធ្វើជាអ្នកឧបត្ថម្ភធំសម្រាប់ ក្រុមជម្រើសជាតិឈុតធំប្រចាំឆ្នាំ និង សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការនាំមកនូវព្រឹត្តិការណ៍ ការប្រកួតមិត្តភាពអន្តរជាតិក្លៀរឆ្នាំ២០១៧ ជំនួប ក្រុមជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌា។
ការប្រកាសបន្តគាំទ្រជាផ្លូវការនេះត្រូវបានធ្វើឡើង នៅក្នុងពិធីចុះហត្ថលេខាតែងតាំងគ្រូបង្វឹកជម្រើសជាតិ ថ្មីជនជាតិប្រេស៊ីល នាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។
លោក Fredy Ong អគ្គនាយកនៃក្រុមហ៊ុនយូនីលីវើកម្ពុជា ដែលចែកចាយសាប៊ូកក់សក់ក្លៀរនៅកម្ពុជាបានឲ្យដឹងថា «សាប៊ូកក់សក់ក្លៀរ និងប្រជាជនកម្ពុជារាប់លាននាក់ជឿថា ក្រុមជម្រើសជាតិមានសមត្ថភាព និងលទ្ធភាពក្លាយជាគូប្រកួតខ្លាំងមួយនៅក្នុងតំបន់ ហើយយើងមានជំនឿថា យើងអាចនាំមកនូវការរួបរួមគ្នាជាធ្លុងមួយ ក្នុងចំណោមប្រជាជនកម្ពុជា តាមរយៈយុទ្ធនាការ «យើងគាំទ្រកម្ពុជា»។ កន្លងទៅ ក្លៀរបានឧបត្ថម្ភនិងគាំទ្រក្រុមជម្រើសជាតិសម្រាប់ការប្រកួតទាំងក្នុងទឹកដីនិងក្រៅទឹកដី ហើយយើងខ្ញុំ មានមោទនភាពចាប់ដៃគូជាមួយ នឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយយើងពិតជាសង្ឃឹមថា ភាពជាដៃគូនេះ នឹងធ្វើឲ្យក្រុមជម្រើសជាតិមានការវិវត្តខ្លាំងក្លាទៅថ្ងៃអនាគត»។
កាលពីឆ្នាំ២០១៦ ក្លៀរ បានសហការរៀបចំនូវការប្រកួតមិត្តភាពអន្តរជាតិក្លៀរ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមហុងកុង ហើយជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី ជាដើម ។ ទន្ទឹមនឹងនេះ ក្លៀរ ក៏បានអនុវត្តយុទ្ធនាការ «យើងគាំទ្រកម្ពុជា» ដើម្បីផ្សព្វផ្សាយលើកកម្ពស់កីឡាបាល់ទាត់របស់កម្ពុជាផងដែរ ។
នៅក្នុងពិធីនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការដឹកនាំការប្រកួតលើកដំបូងរបស់គ្រូបង្វឹកថ្មី ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌា ក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិក្លៀរ ២០១៧ ដែលបានប្រព្រឹត្តទៅនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៧ខាងមុខនេះ ។
សូមរំលឹកថា កម្ពុជាធ្លាប់ប៉ះជាមួយនឹងប្រទេសឥណ្ឌា៣លើកហើយ ដែលក្នុងនោះកម្ពុជាឈ្នះមួយលើក និងចាញ់ពីរលើក ដោយការប្រកួតលើកចុងក្រោយគឺនៅឆ្នាំ២០០៧ ក្នុងកម្មវិធីពានរង្វាន់នេរុហ៍ ដែលឥណ្ឌាបានយកឈ្នះលើកម្ពុជា ៦ ទល់នឹង០ ៕