(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យរដ្ឋបាលខេត្តកំពង់ធំ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនសកម្មភាពចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល និងបទល្មើសព្រៃឈើ ឲ្យដូចភ្លៀងរលឹម ព្រមទាំងបង្កើនការបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋ ឲ្យបានដិតដល់បំផុត។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ បានលើកឡើង​នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ លោក សុខ ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ព្រមទាំងមានការចូលរួមពី សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំសរុប១២០នាក់។

កិច្ចប្រជុំខាងលើ បានពិនិត្យ និងឆ្លុះបញ្ចាំងលើលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ អំពីបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ក្រុង-ស្រុកទាំង៨ទូទាំង ខេត្តកំពង់ធំ និងការដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ២០១៧​ របស់ក្រុមការងារថ្នាក់ជាតិឲ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំបានពិភាក្សា និងផ្តោតទៅលើរបៀបវារៈសំខាន់ៗ ដូចជា ផែនការសកម្មភាពចុះឆ្វៀលដី នៅតំបន់៣ និងតំបន់២ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ផែនការសកម្មភាពចុះពិនិត្យ និងដោះស្រាយដី នៅតំបន់អភិរក្សសត្វខ្សឹប ផែនការសកម្មភាព ចុះបង្ក្រាបបទល្មើសជលផល បទល្មើសព្រៃឈើ ផែនការសកម្មភាព ចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» និងការរៀបចំគ្រប់គ្រងផ្សារ នៅតាមក្រុង-ស្រុក ឲ្យបានល្អ។

លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ បន្តចុះពន្យល់បកស្រាយជូន ប្រជាពលរដ្ឋមូលដ្ឋាន ឲ្យបានយល់កាន់តែច្បាស់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននានា «គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ» ហើយអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ មិនត្រូវចូលរួមរាល់សកម្មភាពរបស់ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការទារប្រាក់ ឬការរឹបអូសទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ។

លោកបណ្ឌិតប្រធាន បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះធ្វើការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តសារាចរណ៍ គោលនយោបាយ និងគោលការណ៍ថ្មីៗទាំងឡាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីបម្រើដល់ផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដូចជា ការឥតគិតថ្លៃចំពោះសេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គោលនយោបាយបញ្ចុះតម្លៃអគ្គីសនី និងការតបណ្តាញអគ្គីសនី ដល់គ្រប់ភូមិដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី និងការធានាឲ្យអាជីវករលក់ដូរ តាមផ្សារអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិ។

មិនត្រឹមតែប៉ុណ្ណោះ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់គិតគូ និងដោះស្រាយនូវ​បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋនៅមូលដ្ឋាន​​ ពិសេសទាក់ទងនឹងការបង្កបង្កើនផល ការដោះស្រាយប្រព័ន្ធ​ធារាសាស្ត្រ (ទំនប់ អាងទឹក ប្រឡាយទឹក ទ្វារទឹក) ការកសាង និងជួសជុលផ្លូវលំនៅតាមភូមិ ជនបទ ការសាងសង់សាលារៀន មណ្ឌលសុខភាព (ក្នុងករណីដែលខ្វះខាត និងចាំបាច់បំផុត) ការផ្គត់ផ្គង់អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំ​គ្រប់គ្រងផ្សារឲ្យបានល្អ ការផ្តល់សេវាសាធារណៈ​ (សេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខ។

សូមរំលឹកថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំមន្រ្តីគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ជិះឧទ្ធម្ភាគចក្រត្រួតពិនិត្យបទល្មើស នៅលើផ្ទៃបឹងទន្លេសាប ដែលមានការអមដំណើរដោយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោករដ្ឋមន្រ្តី វេង សាខុន បានប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយការត្រួតពិនិត្យនោះថា បន្ទាប់ពីការបើកប្រតិបត្តិការបង្រ្កាប រយៈពេល២ខែកន្លងទៅ នៅតំបន់មួយចំនួនពុំមានបទល្មើសនេសាទទៀតនោះទេ តែតំបន់មួយចំនួនទៀត ក៏នៅមានចំនួនច្រើននៅឡើយដែរ ពិសេសនៅខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តសៀមរាប៕