(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យមន្រ្តីអនុរក្សពន្ធនាគារព្រៃស បញ្ជូនស្ត្រីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកកញ្ចប់គ្រឿងញៀនរបស់នាង នៅចំពោះមុខតែម្តង។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ថា ស្ត្រីជនបរទេសដែលបានឃាត់ខ្លួនមានឈ្មោះ MEJIAS NEILIN COROMOTO អាយុ២៨ឆ្នាំ ជនជាតិវេណេហ៊្សុយអេឡា ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ121100315។ នាងត្រូវឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងធ្វើដំណើរតាមយន្តហោះមកពីប្រទេសថៃ។
ការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យបរទេសរូបនេះ បានប្រើវិធីសាស្ត្របង្កប់គ្រឿងញៀនប្រភេទកូកាអ៊ីនរហូតទៅដល់ចំនួន១៧៩,១២៣ក្រាម នៅក្នុងឡេវអាវរាប់រយគ្រាប់ ក្នុងកាបូបដាក់ខោអាវធំមួយ ហើយដំណើរតាមជើងយន្តហោះ PG935 ពីទីក្រុងបាងកក ប្រទេសថៃ ចូលមកកាន់រាជធានីភ្នំពេញ ហើយក៏ត្រូវកម្លាំងមានសមត្ថកិច្ចចម្រុះ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានការសង្ស័យ ក៏ធ្វើការឆែកឆេររកឃើញសារធាតុញៀនជាច្រើន ដែលគេបង្កប់ក្នុងឡេវអាវ ឡេវខោរាប់រយគ្រាប់ ក៏និងឃាត់ខ្លួនតែម្តង។
នាងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ដឹកជញ្ជូនសារធាតុញៀនឆ្លងដែនខុសច្បាប់» កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧៕