(ភ្នំពេញ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភាគ និងសម្ភារប្រើប្រាស់១០មុខផ្សេងទៀត និងថវិកាចំនួន៤ម៉ឺនរៀល។ ជាមួយគ្នានោះ ព្រះតេជគុណ ឈឿន ឈូក ចៅអធិការស្តីទីវត្តចំការខ្សាច់ បានឧបត្ថម្ភបន្ថែមទេយ្យវត្ថុ១កញ្ចប់ ក្នុងមួយគ្រួសារផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងគិតគូ អំពីការលំបាក សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ កុមារកំព្រា ទុរគតជន និងជនរងគ្រោះនានា។
លោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋានយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ ជាពិសេសលោកតា លោកយាយ ចាស់ៗ សូមថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់ នៅ ហូបស្អាត ផឹកស្អាត និងធ្វើលំហាត់ប្រាណ ដើម្បីមានសុខភាពល្អ អាយុយឺនយូរ បន្តមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិយើងបានយូរអង្វែង៕