(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ យកចិត្តទុកដាក់គ្រប់ពេលវេលា និងទប់ស្កាត់រាល់ទង្វើខុសច្បាប់ ទាំងឡាយណា ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមវិធីឃោសនាធ្វើបដិវត្តន៍ពណ៌។
បញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាកម្លាំងពិសេស មកពីគ្រប់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន១១៥នាក់។
លោកឧត្តមសេនីយ៍ទោ បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលដែលមានភារកិច្ចថា «ត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នគ្រប់ពេលវេលា ប្រឆាំងរាល់ទង្វើខុសច្បាប់ទាំងឡាយណា ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមវិធីឃោសនាធ្វើបដិវត្តន៍ពណ៌។ ដូចនេះកងកម្លាំងអន្តរាគមន៍ ត្រូវតែមោះមុត អង់អាចក្លាហាន ធ្វើការហ្វឹកហាត់ ទាំងក្បាច់គុន និងជំនាញប្រើប្រាស់អាវុធឲ្យបានស្ទាត់ជំនាញ ដើម្បីសុខភាពល្អកាយសម្បទាមាំមួន និងការពារខ្លួនផងដែរ»។
លោកឧត្តសេនីយ៍ស្នងការ បានលើកឡើង អំពីសភាពការណ៍ថ្មីៗ ដែលបាន និងកំពុងកើតឡើង ពិសេសអំពើភេរវកម្មអន្តរជាតិ នៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងក្តៅគគុកគួរឲ្យព្រួយបារម្ភ។ «ខ្សែបណ្តាញអង្គការភេរវកម្មទាំងនេះ អាចនឹងរីករាយដាលក្នុងសកលលោក ពិសេសប្រទេសកម្ពុជារបស់យើង ដែលជាតំបន់ទេសចរណ៍ សម្បូរទៅដោយប្រាង្គប្រាសាទ មានទេសចរអន្តរជាតិចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្ត»។
លោកស្នងការ ជួន ណារិន្ទ បានបន្តថា កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដោយមានស្មារតីសាមគ្គីភាពគ្នា និងថែរក្សាសម្ភារបរិក្ខារ ដែលថ្នាក់លើបានផ្តល់ជូនឲ្យបានគង់វង្ស៕