(កណ្ដាល)៖ លោកស្រី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែកខេត្តកណ្តាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងថា ស្ត្រីស្រុកលើកដែក គាំទ្រយ៉ាងមុឺងម៉ាត់នូវជំហរ របស់សម្តេចតេជោ ហ៑ុន សែន ក្នុងការរក្សុាសុខសន្តិភាព សណា្តប់ធ្នាប់សង្គម ដើម្បីភាពសុខដុមរម្យនា និងតម្លៃស្ត្រីខ្មែរ ដាច់ខាតមិនឲ្យនរណាម្នាក់ ធ្វើឲ្យសង្គ្រាមវិលមកវិញបានឡើយ។
លោកស្រី ថ្លែងបែបនេះ ក្នុងពិធីជួបជុំរំលឹកខួបលើកទី១០៦ ទិវាអន្ករជាតិនារី៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្តី្រ ដើម្បីសុខសន្តិភាព និងអភិវឌ្ឍន៍» ដែលបង្ហាញការយល់ឃើញថា បើប្រទេសជាតិមិនមានសុខសន្តិភាពទេនោះ ការលើកកម្ពស់សិទ្ធ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ពិតជាមិនអាចទៅរួចឡើយ។
លោកស្រី ក៏បានអំពាវនាវឲ្យនារីស្រុកលើកដែក ចូលរួមគាំទ្រការដឹកនាំរបស់សម្តេចតេជោ ទើបរក្សាការពារ បាននូវសុខសន្តិភាព សណា្តប់ធ្នាប់សង្គម និងធ្វើឲ្យស្ត្រីពង្រឹងបាននូវសិទ្ធសេរីភាព តម្លៃនិងតួនាទី។
លោកស្រី បន្ដថាទៀតថា បើប្រទេសជាតិមិនមានសុខសន្តិភាពនោះ ការលើកកម្ពស់សិទ្ធ ស្ថានភាព ជីវភាព ឋានៈតួនាទី របស់ស្ត្រីពិតជាសូន្យ ។ លោកស្រីក៏រំលឹកផងដែរថា ការលំបាកដ៏ជូរចត់នៃសង្រ្គាមដ៏វិនាសកម្ម ដែលកម្ពុជាបានឆ្លងកាត់ គឺជាមេរៀនដែលយើងត្រូវចងចាំ ដូច្នេះកម្ពុជាមានការលះបង់ច្រើនណាស់ ទើបទទួលបានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ក្នុងពិធីនេះលោកស្រី ក៏បានថ្លែងទៅកាន់នារីស្រុកលើកដែកពីទុក្ខលំបាក និងការវិនាសហិនហោច ព្រមទាំងការស្លាប់បាត់បង់អាយុជីវិតមនុស្ស នៅតាមប្រទេស ដែលកំពុងមានជំលោះប្រដាប់អាវុធ នាពេលបច្ចុប្បន្ននេះ ដែលទាំងនោះកើតឡើងដោយសារការញុះញុង ជម្រុញឲ្យមានបាតុកម្មផ្តួលរំលំរដ្ឋាភិបាល។
លោកស្រីបញ្ជាក់បន្ថែមថា សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានតាំងចិត្តមុតមាំថា មិនអាចបណ្តោយ ឲ្យកម្ពុជាធ្លាក់ក្នុងគ្រោះអសន្តិសុខ និងមហន្តរាយ ដូចកាលពីអតីតកាលនោះបានឡើយ។ ពិសេស ការញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិវានាំដល់ការបំផ្លាញសុខសន្តិភាព និងបំផ្លាញការរីកចម្រើនគ្រប់វិស័យ។
ក្នុងពិធីនោះផងដែរ លោកស្រីឃួន សុដារី បានផ្តល់វត្ថុអនុស្សាវរីយ៍ជូន ស្រុកលើកដែកដែលចូលរួមក្នុងពិធីមានថវិកា កន្សែង សារុង និងសំភារះមួយចំនួនទៀត៕