(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ចាញ់បោកការបោកប្រាស់របស់គណបក្សប្រឆាំង ដែលតែងតែដើរញុះញុង បំបែកបំបាក់ បង្កជាភាពចលាចល និងអសន្តិសុខក្នុងសង្គម។
លោកទេសរដ្ឋមន្រ្តី លី ធុជ ដាស់តឿនបែបនេះត្រូវបានធ្វើឡើងក្នុងពិធីបុណ្យសាលាកភត្ត នៅវត្តគិរីមង្គល ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រជាពលរដ្ឋថា «ត្រូវឈប់ចាញ់បោកកាឃោសនាបោកប្រាស់ របស់គណបក្សប្រឆាំង ដែលដើរសន្យាខ្យល់ ជាពិសេសដើរញុះញុង បំបែកបំបាក់សង្គម និងធ្វើឲ្យសង្គមចលាចល អសន្តិសុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន»។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំការសួរសុខទុក្ខ និងផ្ដាំផ្ញើសេចក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់គ្នា ដោយមិនប្រកាន់និន្ននាការនយោបាយ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានជម្រាបដល់ប្រជាពលរដ្ឋ អំពីការខិតខំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងស្នាដៃធំៗជាច្រើន ជូនជាតិមាតុភូមិ ហើយលោកទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបោះឆ្នោតដើម្បីបន្តសន្តិភាព បន្តការកសាងសាលារៀន បន្តការកសាងផ្លូវថ្នល់ បន្តការកសាងមន្ទីរពេទ្យ បន្តការបង្កើតទីផ្សារកសិកម្ម និងបន្តការបង្កើតការងារ ត្រូវបោះឆ្នោតគាំទ្រ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ពីព្រោះ សម្តេចតេជោ មានទស្សនៈដ៏ត្រឹមត្រូវ និងច្បាស់លាស់ក្នុងការដឹកនាំប្រទេស។
លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់កណ្តាល ចុះជួយពង្រឹងមូលដ្ឋានស្រុកចំការលើ ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែចុះមកសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្ដង៕